• Flexa

អ្នកស្រី ចាន់ ស៊ី​ផាន់ បានទទួល​ថវិការ​ចំនួន​ចំនួន ១០០០ ដុល្លារ ពី​លោក ខៃ​ប្រសិទ្ធ ស្រប​ពេលដែល កំពូល​តារា​កំប្លែង នាយ​កុយ និង​នាយ​ក្រឹម​សន្យាថា​នឹង​ទៅ សួរសុខទុក្ខ​លោកយាយ ព្រោះ​ដើម្បី​សម្រេច​បំណង​ចុងក្រោយ​

2 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​បន្ទាប់ពី​ការចុះផ្សាយ​យ៉ាង ព្រៀង​ព្រាត តារា​សម្ដែង​ជើងចាស់​អ្នកស្រី ចាន់ ស៊ី​ផាន់ ដែល​ធ្លាប់ធ្វើ​ឲ្យ​មហាជន​ចងចាំ​នូវ​កាយវិការ​សម្ដែង​លេង​ទឹកមុខ​ចំណាំ​ត្រង់​ប្រជ្រុយ​ចង្កា​នោះ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល​សង្វេគ​ក្រោយពី​មានការ​ចែកចាយ​រូបថត អ្នកស្រី​សម្រាន្ត​ស្ដូកស្ដឹង​លើ​កន្ទេល ទាំង​ដៃ​ព្យួរសេរ៉ូម ហើយ​ថ្ងាស​ក៏មាន​បិទ​បន្ទះ​បញ្ចុះ​កម្ដៅ ដែល​ស្ដែង​ពី​ស្ថានភាព​សុខភាព​ទ្រុឌទ្រោម​ក្នុង​ជន្មាយុ ៩៣ ឆ្នាំ​នោះ ពេលនេះ​បាន​ធ្លាក់ខ្លួន​ឈឺ ដេក​លើ​គ្រែ​ងើប​មិន​រួច​ឡើយ បំណង​ចុងក្រោយ​របស់​អ្នកស្រី គឺ​ចង់ឃើញ​មុខ អ្នកសិល្បៈ​រួម​ជំនាន់ ចង់​និយាយ​លា មុន​គាត់​ចែក​ឋាន​ទៅ​។​

​ថ្មីៗ​នេះ លោក ខៃ​ប្រសិទ្ធ ដែល​រស់នៅ​ឯនាយសមុទ្រ​នៃ​ប្រទេស​អូស្ដ្រាលី បាន​ផ្ញើ​ប្រាក់​ជូន​លោកយាយ ចាន់​ស៊ី​ផាន់ ដែល​កំពុង​ញាំញី​ដោយ​ជំងឺ​ចាស់ជរា ចំនួន ១០០០ ដុល្លារ ខណៈដែល​លោក​មិនអាច​មកជួប​តាម​ការទទូច​របស់លោក​យាយ​បាន​។​

​គួររំឭកថា សិល្បការិនី​ជើងចាស់​សម្តែង​ភាពយន្ត​ដ៏​ឆ្នើម និង​ជា​គ្រូរបាំ​ព្រះរាជ​ទ្រព្យ​លោកយាយ ចាន់​ស៊ី​ផាន់ ស្ថិតក្នុង​វ័យ​ជរា ៩៣ ឆ្នាំ​ឈឺ​ដេក​ដួល​នៅផ្ទះ​ដែល​បង្ហាញ​ក្តី​នឹករឭក និង​ទទូច​ចង់​ជួប​មុខ​មិត្តភក្ដិ​ចាស់ៗ​ធ្លាប់​សម្តែង​ភាពយន្ត​រួមគ្នា​ដូចជា​លោក ខៃ​ប្រសិទ្ធ អ្នកនាង ចាន់​តារា​ទី លោក ចៅ​ច័ន្ទ​ណ្ណា​រី នាយ​គុយ និង​នាយ​ក្រឹម ជាដើម​។​

​អ្នកនាង ច​ន​ច័ន្ទ​លក្ខិណា ដែល​បានធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ និង​ជូនអំណោយ​មូលនិធិ​សិល្បៈ​ចាស់ជរា​ដល់​លោកយាយ ចាន់​ស៊ី​ផាន់ បាន​ប្រាប់ថា​៖ «​ប្រាក់​របស់លោក ខៃ​ប្រសិទ្ធ ដែល​ផ្ញើមក​ជូន​លោកយាយ ស៊ី​ផាន់ នឹង​យកទៅ​ជូន​នៅ​ម៉ោង ៤ ថ្ងៃនេះ​»​។​

​អ្នកនាង ច​ន​ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​បាន​ប្រាប់​ឲ្យ​នៅ​រសៀល​ថ្ងៃទី ៧ ខែវិច្ឆិកា​នេះ​ថា​៖ «​បន្ទាប់ពី​ខ្ញុំ​បានប្រកាស​រក​ជំនួយ​ដើម្បី​ជួយ​ដល់​លោកយាយ ចាន់​ស៊ី​ផាន់ ក៏មាន​អ្នកសិល្បៈ​មួយចំនួន​បាន​ជួយ​ជា​ថវិការ​ផងដែរ​ក្នុងនោះ​បង ខៃ​ប្រសិទ្ធ បាន​ជួយឧបត្ថម្ភ​ថវិការ​ដល់​លោកយាយ​ចំនួន ១០០០ ដុល្លារ​ដែរ​»

​ដោយឡែក​តារា​កំប្លែង​២​រូប គឺ​នាយ​កុយ និង​នាយ​ក្រឹម ដែល​សន្យាថា​នឹង​ទៅ សួរសុខទុក្ខ​លោកយាយ ព្រោះ​ដើម្បី​សម្រេច​បំណង​ចុងក្រោយ របស់​តារា​ជើងចាស់​ម្នាក់នេះ​។​

​យោងតាម ផេ​ក​ហ្វេ​ស​ប៊ុ​ក សិល្បករ​កម្ពុជា ដែល​បាន​បង្ហោះ​ការ​ពី​ប៉ុន្មាន​ម៉ោង​មុន បានសរសេរថា​៖ "​នាយ​កុយ​នាយ​ក្រឹម និង​មក​សួរសុខទុក្ខ​លោកយាយ ចាន់ ស៊ី​ផាន់ នៅ​ដង្ហើមចុងក្រោយ​តប​តាម​ការចង់​ជួប​របស់​លោកយាយ !​នាយ​កុយ​បាន​និយាយថា គាត់​បានខ​ល​ទៅ​ន​នាយ​ក្រឹម​ហើយ ពួកយើង​ទាំងពី​និង​មកជួប​លោកយាយ​នៅ​ថ្ងៃទី​១០ វិ​ច្ឆី​កា មូលហេតុ​មិនបាន​មកជួប​ភ្លាមៗ​ដោយសារ​នាយ​ទាំងពីរ​វល់​កម្មវិធី​តា​ម​ខេត្ត ទាល់តែ​ថ្ងៃទី​១០ បាន​វិល​ត្រឡប់មក​ភ្នំពេញ​វិញ ហើយ​និង​មកជួប​លោក យាយ​ផាន់​នៅផ្ទះ​គាត់​តែម្តង​”​។​

​គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ដែលមាន​រូបថត​ចំនួន​បី​បួន​សន្លឹក បង្ហាញ​ពី​តារា​សម្ដែង​ជើងចាស់​កំពុង​ញាំញី​ដោយ​ជំងឺ​បាន​សង្កត់ធ្ងន់​ពី​បំណងប្រាថ្នា​របស់​តារា​សម្ដែង​ជើងចាស់​រូបនេះ​ផងដែរ​ថា​៖ «​លោកយាយ​បាន​និយាយ​ទាំង​ត្រដរ​ប្រាប់​កូនចៅ​ថា ជីវិតចុងក្រោយ​របស់​លោកយាយ គឺ​លោកយាយ​ចង់​ជួប​តារា​សម្តែង ដែល​ធ្លាប់​សម្តែង​ជាមួយគ្នា ដូចជា លោក ខៃ ប្រសិទ្ធ​, លោក ចៅ ចាន់ណា​រី​, លោក យស បូ​វណ្ណ​:, លោក ទេព រិន្ទ​ដា​រ៉ូ និង​អ្នកស្រី ចាន់ តារា​ទី ជាដើម​។ ក្នុង​បណ្តាំ​ដង្ហោយ​ចង់​ជួប​របស់​លោកយាយ ចាន់ ស៊ី​ផាន់ នេះ ធ្វើ​ឲ្យ​មហាជន​ទូទៅ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង និង​ជួយ​ទទូច​សុំ​ជាមួយ​ក្រុមគ្រួសារ​ឲ្យ​តារា​រួម​ជំនាន់​មក​សាកសួរ​សុខទុក្ខ​លោកយាយ​ផង​...»​។​

សុខភាព/បុរស/ស្ត្រី