• Flexa

សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន​៖ កត្តា​កំណត់​នៅក្នុង​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ មិនមែន​កត្តា​កំណត់​លើ​ពួក​បរទេស​ទេ​

1 ខែ កន្លងទៅ ណូ​រ៉ា

​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ព្រមាន​វាយបក​ចំពោះ​ការដាក់​សម្ពាធ​របស់​ប​ណ្ដា​ប្រទេស​លោកខាងលិច​មួយចំនួន​ដែល​គំរាម​រឹតបន្តឹង​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទទួលខុស​ក្នុងការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ហើយ​បាន​អះអាងថា​មិន​ឱនក្បាល​នៅ​ចំពោះមុខ​ជំនួយ​បរទេស​ដាច់ខាត និង​ទទូច​ឲ្យ​ប្រទេស​ទាំងនោះ​ជ្រើសរើស​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស ឬក៏​ក្រុមមនុស្ស​ប៉ុន្មាន​នាក់​?

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ កម្មការិនី​សរុប​ជិត ៥ ពាន់​នាក់​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​សម្តេច ហ៊ុន សែន បាន​ថ្លែងថា​៖ «​សូម​ចាំ​ណា​អ្វី​ក៏ដោយ​កត្តា​កំណត់​នៅក្នុង​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ មិនមែន​កត្តា​កំណត់​លើ​ពួក​បរទេស​ទេ​។ បើ​ស្ថិតនៅលើ​បរទេស​ដដែល ខ្មែរ​គឺជា​ឆ្កែ​សុទ្ធ​ដែលថា ណែ​! ដើរ​តាម​អញ​បាន​អញ​ទម្លាក់​ឆ្អឹង​ឱ្យ​ឯង​ស៊ី​។ ឯករាជ្យ អធិបតេយ្យភាព​របស់​ជាតិ​មួយ​គឺ​វា​មានតម្លៃ​ធំ​ណាស់​។ កុំ​ធ្វើជា​សត្វ​ឆ្កែ​គ្រាន់តែ​ដើម្បី​ជាមួយនឹង​ឆ្អឹង ឬ​សាច់ ១ ដុំ វា​មិន​ថ្លៃថ្នូរ​ទេ​។ ឧទាហរណ៍​គេ​គំរាម​ថាបើ​មិន​ធ្វើតាម​អញ អញ​នឹង​កាត់ផ្តាច់​នេះ​កាត់ផ្តាច់​នោះ​។ កាត់​ទៅ ! លោក​ឯង​កា​ត់ទៅ​លោក​ឯង​ជ្រើសរើស​មនុស្ស​ប៉ុន្មាន​នាក់ ឬ ជ្រើសរើស​ប្រជាជន ១៥ លាន​នាក់​។ លោក​ឯង​ជ្រើសរើស​ទំនាក់ទំនង​ជាមួយ​បុគ្គល​មួយក្រុម ឬក៏​លោក​ឯង​ជ្រើសរើស​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស​»​។ «​ពិភពលោក​មាន​ទៅ​មានមក​។ ពាក្យ​រឹតបន្តឹង​ទិដ្ឋាការ​សូម​អញ្ជើញ​វា​ចំណេញ​លុយ​ខ្មែរ​ផង​។ ប៉ុន្តែ​កុំភ្លេចថា​គេ​ក៏ត្រូវ​ការចូល​ស្រុក​យើង​ដែរ​ហើយ​យើង​បន្តឹង​វិញ​ទៅ វា​មាន​ស្អី​ខុស អាហ្នឹង​អត់​អី​ផង​។ សុំ​ទិដ្ឋាការ​យើង​មិន​ឲ្យ​វិញ​ទៅ វា​បាន​តើ​ហើយ​ប្រទេស​ខ្មែរ​មិន​ត្រឹម​មាន​ទំនាក់ទំនង​នឹង​ប្រទេស​ម៉ា​ក្រុម ប៉ុន្មាន​ហ្នឹង​ឯណា​? មាន​ទំនាក់ទំនង​យ៉ាងច្រើន​។ ខ្មែរ​សម័យនេះ​យើង​គិត​មើល​»​។​

​លោក​ថ្លែងថា​៖ «​បើ​អ៊ីចឹង​ដើម្បី​បាន​ជំនួយ​ទាល់តែ​ឱនក្បាល​ថា​បាទៗ​អ៊ីចឹង​ហើយ​ហើយ​ជាតិ​មួយ​ធ្វើ​អ៊ីចឹង តើ​យើង​ទៅរួច​ទេ​។ សុំទោស​ខ្ញុំ​មិនអាច​តំណាង​ជាតិ​សាសន៍​មួយ​នេះ​ធ្វើ​អ៊ីចឹង​បានទេ​។ មិន​ថា​បរទេស​ហ្នឹង​ជា​ប្រទេស​ណា​ទេ ខ្ញុំ​ធ្វើ​មិន​រួច​ដោយសារតែ​ខ្ញុំ​ស្អប់ខ្ពើម​នូវ​ការឈ្លានពាន​របស់​បរ​ទេស ដោយសារ​ឪពុកម្តាយ ជីដូន​ជីតា ស្អប់ខ្ពើម​នូវ​ការឈ្លានពាន​របស់​បរ​ទេស បំពាន​លើ​ឯករាជ្យ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​នោះ​ហើយ​បានជា​ប្រទេស​យើង​ត្រូវ​តស៊ូ​ងើបឈរ​ឡើង​ដើម្បី​ឯករាជ្យ​អធិបតេយ្យភាព​របស់​ជាតិ​»​។​

​ទាក់ទង​ការ​គំរាម​បង្កក​ទ្រព្យសម្បត្តិ​លោក​ថ្លែងថា​ទ្រព្យសម្បត្តិ​របស់លោក​ត្រូវ​ទុក​តាម​សាលារៀន វត្ត​អារាម ជាដើម​។​

​សម្តេច ហ៊ុន សែន ថ្លែងថា​៖ «​សូម​ផ្តាំ​ទៅ​ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​អឺរ៉ុប និង​អាមេរិក​បង្កក​ទ្រព្យសម្បត្តិ​របស់​មេដឹកនាំ​កម្ពុជា​ខ្ញុំ​លើកទឹកចិត្ត​ថែម​មិនចាំបាច់​គំរាម​ទេ​។ ធ្វើទៅ​អ្នកឯង​ពូកែ​អ្នកឯង​ធ្វើទៅ អ្នកឯង​ធ្វើទៅ​។ ព្រោះ​ខ្ញុំ​មាន​សញ្ជាតិ​តែមួយ​ទេ និយាយ​អ៊ីចឹង​វា​ប៉ះពាល់​អ្នកមាន​សញ្ជាតិ​ច្រើន ខ្ញុំ​មិន​ចង្អៀតចង្អល់​ទេ ប៉ុន្តែ​កុំមក​សង្ឃឹម​ប៉ះពាល់​មកលើ (​យើង​) ។ មន្ត្រី​រាជរដ្ឋាភិបាល​ប៉ុន្មាន​នាក់​ទៅ គណបក្ស​ប្រជាជនមាន​ប៉ុន្មាន​នាក់​ទៅ​ដែលមាន​ទ្រព្យសម្បត្តិ​នៅក្រៅ​ប្រទេស​? អើ​! បើ​ភ្លើ​ណាស់​យកទៅ​ទុក​នៅឯ​នោះ​ទៅ​។ ខ្ញុំ​អត់​មានទ្រព្យ​សម្បត្តិ​យកទៅ​ទុក​នៅក្រៅ​ប្រទេស​ទេ ហើយ​នៅក្នុង​ប្រទេស ទ្រព្យសម្បត្តិ​របស់ខ្ញុំ​ដើរទៅ​មើលទៅ​នៅតាម​សាលារៀន នៅតាម​វត្ត​អារាម នៅតាម​ស្រះ​ទឹក នៅតាម​ប្រឡាយទឹក មាន​អណ្ដូងទឹក​ហើយ​ថ្ងៃនេះ​ប្រាក់កាស​មួយចំនួន​ក៏ត្រូវ​បានផ្ដល់​ឲ្យ​ក្មួយៗ​បន្ថែម​លើ​ប្រាក់​រដ្ឋ​ទៅទៀត​...»​។​

​លោ​កថា​រឿង​ធំជាងគេ​មិនមែន​កត្តា​សម្រេច​មកពី​សម្ពាធ​នេះ សម្ពាធ​នោះ​ព្រោះ​ពិភពលោក​បច្ចុប្បន្ន​គឺមាន​ឥរិយាបថ​នយោបាយ​ការបរទេស​ឯករាជ្យ​ផ្សេងៗ​គ្នា កម្រិត​ខុសគ្នា​។​

​សម្តេច ថ្លែងថា​៖ «​យើង​ត្រូវ​យល់​ឲ្យ​បាន​នៅពេលដែល​យើង​វ៉ៃ​បំបាក់​ជើង​កូន​គេ ដែល​កូន​គេ​មក​លួច​យើង ប្លន់​យើង យើង​វ៉ៃ​បំបាក់​ជើង​កូន​គេ ច្បាស់​ណាស់​ឪ​គេ​ខឹង​។ កុំ​ឆ្ងល់​ពេក​អាហ្នឹង​នោះ​។ ដឹង​ហើយ​អា​អ្នក​ដែល​យើង​វ៉ៃ​បំបាក់​ជើង កូន​របស់​អ្នកណា​? បើ​យើង​វ៉ៃ​បំបាក់​ជើង​កូន​គេ ម៉េច​ឪ​គេ​មិន​ខឹង​? រឿង​ធម្មតា​ទេ អាហ្នឹងៗ បដិវត្ត​ពណ៌​អ្នកណា​អ្នកបញ្ជា​វា រឿង​ធម្មតា​ខ្លាំងណាស់​អាហ្នឹង​។ ឪ​គេ​ប្រតិកម្ម​ដោយសារតែ​កូន​គេ​ត្រូវ​វ៉ៃ​បំបាក់​ជើង​ក្នុងពេលដែល​លូន​ចូល​ផ្ទះ​ដាក់​គ្រាប់បែក​ក្នុងផ្ទះ​យើង យើង​វ៉ៃ​បំបាក់​ជើង ឪ​គេ​ខឹង​វា​ជា​រឿង​ធម្មតា​។ ប្រតិកម្ម​នេះ​ប្រតិកម្ម​នោះ​អាង​ឯង​ជា​ប្រទេស​ធំ អាង​ឯង​ជា​ប្រទេស​មាន ប៉ុន្តែ​កុំភ្លេចថា​ប្រទេស​ក្រ​ហ្នឹង វា​ក៏​ចេះ​តស៊ូ​ដើម្បី​ឯករាជភាព​របស់​វា​ដែរ​»​។​

​លោកស្រី Barbara Lochbihler អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​នៃ​សភា​សហភាព​អឺរ៉ុប​ជា​អ្នកនយោបាយ​ម្នាក់​ក្នុងចំណោម​អ្នកនយោបាយ​ដែល​បាន​ជំរុញ​ឲ្យ​មានការ​អនុម័ត​លើ​ដំណោះស្រាយ​ស្ដីពី​កម្ពុជា​ថ្លែង​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត ភ្នំពេញ​-​ប៉ុស្ដិ៍ កាលពី​ចុង​សប្ដាហ៍​ថា​ការ​គំរាម​រឹតបន្ដឹង​ទិដ្ឋាការ និង​ការ​បង្កក​ទ្រព្យសម្បត្តិ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​បុគ្គល​ដែលជា​អ្នកនយោបាយ​ប៉ុណ្ណោះ​។​

​លោកស្រី​ថ្លែងថា​៖ «​ការដាក់ទណ្ឌកម្ម​គោលដៅ ឬ​ការដាក់ទណ្ឌកម្ម​ដ៏​ឆ្លាត​វៃ​គឺជា​ជំហាន​មួយទៀត​ដើម្បី​បង្ហាញ​ពី​ការសម្រេចចិត្ត​កាន់តែខ្លាំង​ឡើង​របស់​យើង​ដើម្បី​ប្រាប់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ថា​ពួកគេ​បាន​រំលោភសិទ្ធិ​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន​»​។​

សុខភាព/បុរស/ស្ត្រី