• Flexa

មិន​ធ្លាប់​ដឹងថា «​អារម្មណ៍​» គឺជា​ជំងឺ​ដ៏​កាច​សាហាវ និង​ជា​ពេជ្ឈឃាត​សម្លាប់​មនុស្ស​ឥត​ស្រមោល​យ៉ាងនេះ​សោះ​

1 ខែ កន្លងទៅ លី សម្បត្តិ

ជាការ​ពិតណាស់ រាងកាយ​របស់​មនុស្ស ទទួលរង​ឥទ្ធិពល​ពី ការគិត សកម្មភាព និង​អារម្មណ៍​របស់ខ្លួន ដែល​គេ​ហៅថា "​ទំនាក់ទំនង​រវាង​ចិត្ត និង​រាងកាយ​”​។ ក្នុងនោះ​ការគ្រប់គ្រង និង​ដោះស្រាយ​អារម្មណ៍​អវិជ្ជមាន គឺមាន​សារសំខាន់​ណាស់ ពីព្រោះ​អារម្មណ៍មិនល្អ ដែល​ត្រូវបាន​រក្សាទុក ក្នុង​រយៈពេល​យូរ​នឹង​បង្ក​ជា​មហន្តរាយ​សុខភាព ជាក់​ជាមិនខាន នៅ​រយៈពេល​ណាមួយ​ខាងមុខ​។​

ខាងក្រោម​នេះ គឺជា​ផលប៉ះពាល់ ដែល​បណ្តាលមកពី​ប្រភេទ​អារម្មណ៍​អវិជ្ជមាន​មួយចំនួន ៖

១.ខឹង

ការខឹង គឺជា​អារម្មណ៍ ដ៏​ខ្លាំងក្លា​មួយបែប ដែល​អាច​បណ្តាលមកពី​ការឈឺចាប់ ខកចិត្ត ស្មុ​គ្រ​ស្មាញ ឬ​ភ័យ​។ ជាធម្មតា អារម្មណ៍​ខឹង ត្រូវបាន​បញ្ចេញ​មក​ទាំង​កំរោល ដែល​បង្ក​ជា​គ្រោះថ្នាក់​សុខភាព​របស់​ម​នុស្ស​។ កំហឹង មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​អ្នក ប្រឈមមុខ​នឹង​ការកើត ជំងឺ​សរសៃឈាម​បេះដូង​។ អរ​ម៉ូ​ន​ស្ត្រេ​ស ដូចជា adrenaline noradrenaline និង cortisol នឹងមាន​ការកើនឡើង​ក្នុង​រាងកាយ រួច​បណ្តាល​ឲ្យ​តំបន់​ឆ្លើយតប​អារម្មណ៍ របស់​ខួរក្បាល មានប្រតិកម្ម​ខ្លាំង រហូត​រុញ​ឈាម​ឡើង​ឲ្យ​ស្ទះ​ដល់​បេះដូង ជាពិសេស អ្នក​គិត​អ្វី​មិន​ចេញ​ទាំងអស់​។ ការសិក្សា​មួយ​ក៏បាន​លើកឡើង​ដែរ​ថា កំហឹង​បង្កើត​ថាមពល​មួយ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិនដឹង​ខុស មិនដឹង​ត្រូវ ថែម​ទៀតផង​។

២. ការបារម្ភ ខ្វល់ខ្វាយ

ការ​មាន​អារម្មណ៍​ព្រួយបារម្ភ មិន​ឈប់ឈរ អាច​បង្ក​ជា​បញ្ហា​ដល់​លំពែង និង​ក្រពះ មាន​សភាព​ចុះខ្សោយ​។ វា​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មុខងារ​នៃ សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ ជាពិសេស​សារធាតុ Serotonin ។ ការព្រួយបារម្ភ ទៅលើ​បញ្ហា​ដដែលៗ នឹង​អាច​បង្ក​ជា​បញ្ហា​សុខភាព​ដូចជា ក្អួតចង្អោរ រាគរូស ឈឺក្រពះ និង​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ផ្សេងទៀត​។ កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត អ្នកនឹង​អាចមាន​ការឈឺចាប់​ត្រង់​ដើមទ្រូង ឡើង​សម្ពាធ​ឈាម ប្រព័ន្ធ​ភាំ​ព​ស៊ាំ​ចុះខ្សោយ លេង​មិន​លក់ និង​ប្រែជា​ចាស់​មុន​អាយុ​ថែម​ទៀតផង​។

៣. កើតទុក្ខ

ក្នុង​មួយជីវិត​នេះ ទុក្ខព្រួយ គឺជា​អារម្មណ៍​ដែល​មនុស្ស​គ្រប់ៗ​រូប​តែង​ចង់​ចៀសវាង​ជានិច្ច​។ នេះ​ក៏​ដោយសារតែ​វា​អាច​បង្ក​ជា​បញ្ហា​សុខភាព ដូចជា​ធ្វើ​ឲ្យ​សួត​ចុះខ្សោយ ពិបាក​ដកដង្ហើម និង​មាន​សភាព​អស់កម្លាំង​។ នៅពេលដែល​អ្នកមាន​អារម្មណ៍​កើតទុក្ខ អ្នក​ប្រែជា​ដកដង្ហើម​ចូល​មិន​គ្រប់គ្រាន់ និង​ដក​ដង្ហើមចេញ​ច្រើន​ទៅវិញ រួច​អាច​បណ្តាល​ឲ្យ​កើតជា​ជំងឺហឺត​ទៀតផង​។ ជាក់ស្តែង នៅពេលដែល​អារម្មណ៍​ទុក្ខសោក នឹង​ទៅធ្វើ​ឲ្យ​សួត​ចុះខ្សោយ​រូ​ច វា​នឹង​ត្រលប់មក​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​បេះដូង​វិញ​។ វា​ក៏​អាច​បំផ្លាញ​សម្រស់​ស្បែក ខ្វះ​អុកស៊ីសែន​ក្នុង​ឈាម និង​បង្ក​ជា​អាកា​រៈ​ទល់លាមក​ទៀតផង​។​

៤. ភាព​តានតឹង ឬ​ស្ត្រេ​ស

ក្នុងករណី​ដែល​អ្នក កំពុង​ជួបប្រទះ​បញ្ហា​ស្ត្រេ​ស ឬ​តានតឹង​លើសលុប វា​នឹង​អាច​បង្ក​ជាការ​ឡើង​សម្ពាធ​ឈាម ពិបាក​ដកដង្ហើម កើត​ដំបៅ និង​រលាក​ត្រង់​ពោះវៀន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​អាចធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​កើនឡើង បង្ក​ជា​បញ្ហា​ដល់​បេះដូង​ថែម​ទៀតផង​។ រោគសញ្ញា​របស់ ស្ត្រេ​ស​មួយចំនួន​មានដូចជា ឈឺក្បាល​ប្រកាំង ញ័រ​ទ្រូង ស្រាល​ក្បាល ល្ហិតល្ហៃ គេង​មិន​លក់ ក្អួតចង្អោរ និង​ធ្វើ​ឲ្យ​លែង​ចង់​ទទួលទាន​អាហារ​។ ភាព​តានតឹង ឬ​ស្ត្រេ​ស អាច​បណ្តាល​ឲ្យ​កើតជា​ជំងឺ​ផ្សេងៗ​ជាច្រើន​ទាក់ទង​នឹង សរសៃឈាម សាច់ដុំ ប្រដាប់បន្តពូជ ជាដើម

៥. ភាព​ឯកោ

ភាព​ឯកោ គឺជា​អារម្មណ៍​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ស្រក់​ទឹកភ្នែក និង​ស្រ​ង៉េះ​ស្រងោច​យ៉ាងខ្លាំង ដែល​នេះ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សួត និង​ធ្វើ​ឲ្យ​ចលនា​អុកស៊ីសែន មិនអាច​ផ្លាស់​ទី​ក្នុង​រាងកាយ​បាន​ប្រក្រតី​ឡើយ​។ វា​អាច​បណ្តាល ឲ្យ​អ្នក​ឧស្សាហ៍​ផ្ទុះ​កំហឹង និង​អាច​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ថែមទៀត ពីព្រោះ​នៅពេលដែល​អ្នក​ឯកា ខួរក្បាល​នឹង​បញ្ចេញ​អរ​ម៉ូ​ន​ស្ត្រេ​ស (Cortisol) បង្ក​ជា​អា​ការៈធ្លាក់​ទឹកចិត្ត​តែម្តង​។ ជាងនេះទៅទៀត ភាព​ឯកា នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​សម្ពាធ​ឈាម ការ​គេង​របស់​មនុស្ស ជាពិសេស ប៉ះពាល់​បេះដូង សុខភាព​ផ្លូវចិត្ត និង​ប្រព័ន្ធ​ភាពស៊ាំ​តែម្តង​។​

៦. ភាពភ័យខ្លាច

ការភ័យខ្លាច គឺជា​អារម្មណ៍​មួយ ដែល​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​នូវ ទំនុកចិត្ត ទឹកចិត្ត ការជឿជាក់ ពី​ខ្លួន​។ ភាពភ័យខ្លាច​អាច​បណ្តាល​ឲ្យ កើតជា​ជំងឺ​ថប់​អារម្មណ៍ ដែល​អាច​បង្ក​ជា​បញ្ហា​ដល់​តម្រងនោម ក្រពេញ​នោម និង​ប្រព័ន្ធ​បន្ត​ពូជ ថែម​ទៀតផង​។ ការដែល​ទម្លាប់​កើតមាន​អារម្មណ៍​ភ័យខ្លាច​បែបនេះ នឹងធ្វើ​ឲ្យ​ថាមពល​រាងកាយ​ចុះខ្សោយ ដកដង្ហើម​ក៏​មិន​ដល់​គ្នា ចលនា​ឈាម​រត់​ក៏​មិន​ប្រក្រតី ហើយ​ជាងនេះទៅទៀត​នោះ គឺ​ដៃជើង របស់​អ្នក​ហាក់ដូចជា​ជាប់គាំង ថែមទៀត​។ ដូចដែល​លើកឡើង​ខាងលើ អារម្មណ៍​ភ័យខ្លាច ប៉ះពាល់​តម្រងនោម​ខ្លាំង ពី​ព្រ​ឡ​ខួរក្បាល​មិនអាច​គ្រប់គ្រង​វា​បាន រួច​ធ្វើ​ឲ្យ​អ្នក​ចេះតែ​រាន់​នោម រហូត​តម្រងនោម​នោះ ចុះខ្សោយ​។

៧. ភ្ញាក់ ឬ​តក់ស្លុត

អារម្មណ៍​ភ្ញាក់ ឬ​ស្លុត កើតឡើង​ដោយសារ ស្មារតី​ខ្សោយ និង​កើតចេញពី​សកម្មភាព​ដែល​មិនបាន​រំពឹងទុក​ណាមួយ​។ វា​អាច​បង្ក​ជា​បញ្ហា ដល់​លំនឹង របស់​រាងកាយ និង​បង្ក​ជា​អារម្មណ៍​ភ័យខ្លាច​បាន ព្រោះ​សូម្បីតែ​ប្រព័ន្ធ​សរសៃប្រសាទ ក៏​ជាប់គាំង​ដែរ​។ អារម្មណ៍​បែបនេះ ផ្តល់​ផលប៉ះពាល់​តម្រងនោម និង​បេះដូង ឲ្យ​ចុះខ្សោយ​ខ្លាំង​។ ជួនកាល មាន​អាកា​រៈ​ញ័រ​ទ្រូង គេង​មិន​លក់ និង​តានតឹង​ទៀតផង​។​

៨. ការ​ស្អប់ និង​ការខ្វះ​ការអត់ធ្មត់

អារម្មណ៍​នៃ​ការ​ស្អប់ និង​មិនចេះ​អត់ធ្មត់ អាច​ប៉ះពាល់​ដល់​ពោះវៀន និង​សុខភាព​បេះដូង​របស់​អ្នក រហូត​បណ្តាល​ឲ្យ​មាន​បញ្ហា​ឈឺទ្រូង ឬ​ញ័រ​ទ្រូង និង​ជំងឺលើសឈាម​។ អារម្មណ៍​ទាំង ២ នេះ នឹងធ្វើ​ខួរក្បាល​បញ្ចេញ​អរ​ម៉ូ​ន​ស្ត្រេ​ស ក្នុង​រាងកាយ ទើប​បណ្តាល​ឲ្យ​ឡើង​ឈាម និង​មាន​ចង្វាក់បេះដូង​មិន​ប្រក្រតី​។ ជាងនេះទៅទៀត​នោះ ភាពមិន​អំនត់ គឺអាច​បណ្តាល​ឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​ថ្លើម ពីព្រោះ​ម៉ូលេគុល​ដង្ហើម ដែល​កើតចេញពី​អារម្មណ៍​របស់​អ្នក​នឹងមាន​ជាតិពុល រហូត​អាចធ្វើ​ឲ្យ​ថ្លើម និង​ប្លោកនោម​ចុះខ្សោយ​។

៩. ការ​ច្រណែន ឬ​ប្រច័ណ្ឌ

អារម្មណ៍​ច្រណែន ឬ​អារម្មណ៍​ប្រច័ណ្ឌ​នេះ ប់ះ​ពាល់​ដល់​ខួរក្បាល ប្លោកនោម និង​ថ្លើម​របស់​អ្នកខ្លាំង​ជាងគេ​។ អារម្មណ៍​ច្រណែន​បែបនេះ នឹងធ្វើ​ឲ្យ​អ្នក​ភ្លេច​អស់​នូវ​រឿងរ៉ាវ​អ្វីៗ រូ​ច​គិតតែ​ពី​ខ្លួនឯង​ថា​ត្រូវ​។ លើសពីនេះ វា​បង្ក​ជា​ភាព​តានតឹង តប់ប្រមល់ និង​ធ្លាក់​ទឹកចិត្ត​ទៀតផង ពីព្រោះ​រាងកាយ​ផលិត​អរ​ម៉ូ​ន adrenaline និង noradrenaline ច្រើន​ហួស​កម្រិត នៅក្នុង​ឈាម​។ មួយវិញទៀត នៅពេល​អ្នកមាន​អារម្មណ៍​ច្រណែន ចង្វាក់បេះដូង​របស់​អ្នក នឹង​លោត​ញាប់​ជាង​មុន និង​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​។​

ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយចំនួន ដើម្បី​រក្សា​សុខភាព​ផ្លូវចិត្ត ក្នុងការ​គ្រាប់​គ្រង​អារម្មណ៍​របស់​អ្នក ៖

បង្ហាញ​អារម្មណ៍​តាម​វិធី​ដែល​សមស្រប ៖ ប្រសិនបើ​អ្នក​កំពុងមាន​បញ្ហា ស្ត្រេ​ស កើតទុក្ខ ឬ​តប់ប្រមល់​ក្នុង​ចិត្ត​នោះ អ្នក​មិនត្រូវ​ទុក​វា​នៅក្នុង​ចិត្ត​ទេ ព្រោះ​វា​នឹង​បង្ក​ជា​ជំងឺ​ផ្សេង​ជាក់​ជាមិនខាន​។ ជំនួស​មកវិញ អ្នក​គួរ​និយាយ​វា​ចេញមកក្រៅ ជាមួយ​មនុស្ស​ដែល​ជិតស្និទ្ធ (​គ្រួសារ ឬ​មិត្តភក្តិ​) ទើប​ជាការ​ប្រសើរ​។​

រស់នៅ​ឲ្យ​មាន​តុល្យភាព ៖ សូមអ្នក​កុំ​ព្យាយាម​យក​អារម្មណ៍មិនល្អ​ពី​កន្លែងធ្វើការ ពីសា​លា ឬ​ពី​ផ្ទះ​មក​តាម​ខ្លួន​ជាប់​រហូត​ទេ​។ នេះ​ក៏​មិនមែន​មានន័យថា អ្នក​ត្រូវធ្វើ​ពុត​ជា​សប្បាយចិត្ត​ដែរ ពីព្រោះ​មនុស្ស​ម្នាក់ៗ ត្រូវតែ​មានគំនិត​វិជ្ជមាន​។ ការសិក្សា​ជាច្រើន បាន​បង្ហាញថា ការរក្សា​គំនិត​វិជ្ជមាន អាចធ្វើ​ឲ្យ​ជីវិត​កាន់​តែមាន​ភាពស្រស់​បំព្រង និង​ជួយ​សុខភាព​ឲ្យ​កាន់តែ​ល្អ​ទៀតផង​។ ហេតុនេះ អ្នក​ត្រូវ​ចេះ ស្វែងរក​វិធី​ផ្សេងៗ ដែល​អាច​ឲ្យ​ខ្លួនឯង​សប្បាយចិត្ត មិនមែន​បៀមទុក្ខ​រហូត​ទេ​។​

អភិវឌ្ឍន៍ភាព​អត់ធន់​របស់​អ្នក ៖ មនុស្ស​ដែលមាន​ភាព​អត់ធន់​ខ្ពស់ អាច​ដោះស្រាយ​បញ្ហា​តានតឹង បាន​យ៉ាង​ងាយស្រួល​។ អ្នក​អាច​អភិវឌ្ឍន៍ភាព​អត់ធន់​របស់​អ្នក​បាន​ដោយ​វិធី​ជាច្រើន ដូចជា ការជួយ​គាំទ្រ​ពី​អ្នក​ជុំវិញ រក្សា​គំនិត​សុទិដ្ឋិនិយម ទទួលយក​ការផ្លាស់ប្តូរ និង​រក្សា​ទស្សនៈវិស័យ​របស់ខ្លួន​។​

រក្សា​ចិត្ត និង​រាងកាយ​ឲ្យ​ស្ងប់ ៖ នេះ​ជា​វិធីសាស្ត្រ​បែប​បន្ធូរបន្ថយ​អារម្មណ៍ ដោយ​អ្នក​គ្រាន់តែ សមាធិ ស្តាប់​ចម្រៀង ច្រៀង​ចម្រៀង ឬ​ហាត់​យូ​ហ្គា​។ សកម្មភាព​ទាំងនេះ នឹង​ជួយ​ឲ្យ​អារម្មណ៍​របស់​អ្នក​ស្ងប់​ស្រលះ ជាក់​ជាមិនខាន​។​

ថែទាំ​ខ្លួនឯង ៖ ដើម្បី​អាចមាន​សុខភាព​ផ្លូវចិត្ត ក្នុងការ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បានល្អ អ្នក​ត្រូវតែ​ចេះ​ថែទាំ​រាងកាយ​របស់ខ្លួន​ផងដែរ ដោយ​ទទួលទាន​អាហារ​ដែល ផ្តល់​សុខភាព​ល្អ ឲ្យ​បាន​ទៀងទាត់ ជាពិសេស ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​កុំ​ភ្លេច​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​សោះ ពីព្រោះ​វា​អាច​កាត់បន្ថយ ភាព​តានតឹង​បាន​។ ចៀសវាង​ទទួលទាន​ច្រើន​ជ្រុល ឬ​សេព​គ្រឿង​ស្រវឹង ពីព្រោះ​វា​មិនមែន​បង្ក​ផលប៉ះពាល់​តែ​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​បង្កបញ្ហា​ដល់​សុខភាព​ផ្លូវចិត្ត ផងដែរ​៕​ប្រភព khmerload​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី