• Flexa

ស្តាប់​​​វេជ្ជបណ្ឌិត​ជំនាញ មកពី​ប្រទេស​ជប៉ុន បកស្រាយ​អំពី​មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​ជំងឺលើសឈាម និង​វិធី​ព្យាបាល

1 សប្ដាហ៍ កន្លងទៅ រក្សាមុន្នី

​បើតាម​ការសិក្សា​ដែលមាន​បោះផ្សាយ​របាយការណ៍ កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា ចំនួន​អ្នក​កើតរោគ​លើសឈាម​បាន​កើនឡើង​ពី​៥៩៤​លាន នៅ​ឆ្នាំ​១៩៧៥ ទៅ ១១០០​លាន នៅ​ឆ្នាំ​២០១៦​។ កំណើន​ដ៏​ខ្លាំង​នេះ ត្រូវបាន​សម្គាល់​ឃើញ​ខ្លាំង​នៅ​អាស៊ី​ខាងត្បូង និង​នៅ​អាហ្វ្រិក​។​

​តើ​លើសឈាម​ជា​អ្វី ? លើសឈាម​គឺជា​អាកា​រៈសញ្ញា​រោគ​មួយ ដែលនាំឱ្យ​យើង​ប្រុងប្រយ័ត្ន​នឹង​ផលវិបាក​អ្វីមួយ ទៅ​ថ្ងៃក្រោយ​។ ពាក្យ​ថា​លើសឈាម មិនមែន​សំដៅលើ​បរិមាណ​ឈាម​នៅក្នុង​ខ្លួន​ទេ តែ​សំដៅលើ​កម្លាំង​សម្ពាធ​ឈាម​ដែល​ធាក់​ទៅ និង​កម្លាំង​សម្ពាធ​ឈាម​នៅពេល​បេះដូង​សម្រាក​។ ហេតុដូច្នេះ​ហើយ​ជា​នៅពេល​វាស់​សម្ពាធ​ឈាម គេ​តែង​ឱ្យ​លេខ​ពី កំរិត​ឈាម​ខ្ពស់ និង​កំរិត​ឈាម​ទាប​។ កំរិត​ឈាម​ទាំងពីរ​នេះ​ត្រូវឱ្យ​ស្របគ្នា ៖ កំរិត​ឈាម​ទាប​ត្រូវ​ស្មើនឹង​កំរិត​ឈាម​ខ្ពស់​ចែក​ពីរ​រួច​បូក​នឹង​មួយ (​ឧទាហរណ៍​សម្ពាធ​ឈាម​ល្អ​គឺ ១២-៧ ព្រោះ ១២៖២+១=៧)​។ បើ​កំរិត​ឈាម​ទាំងពីរ កៀក​គ្នា ឬ​ឃ្លាត​គ្នា​ឆ្ងាយ​ពេក ក៏​ជា​ជំងឺ​មួយ​ដែរ​។ បច្ចុប្បន្ននេះ គេ​ចាត់ទុកថា​ប្រសិនបើ​មនុស្សពេញវ័យ​ណា​ម្នាក់ មានកំ​រិត​សម្ពាធ​ឈាម​លើសពី ១៤ ទៅ នោះ​ហៅថា​មាន​ជំងឺលើសឈាម​ហើយ​។​

​បើតាម​គ្រូពេទ្យ​មកពី​ប្រទេស​ជប៉ុន អះអាង​នៅក្នុង​សិក្ខាសាលា​សុខភាព ថា​ជំងឺលើសឈាម ឬ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺជា​ឃាតក​បិទមុខ​ស្ងៀមស្ងាត់​បំផុត​។ ប្រសិនបើ​ការ​លើសឈាម​បន្ត​យូរ​នាំ​ឲ្យ​ខូច​សរសៃឈាម​។ លោក​ណែនាំ​ឲ្យ​ពិនិត្យ​សម្ពាធ​ឈាម​រៀងរាល់ថ្ងៃ ហើយ​កត់ត្រា​សម្ពាធ​ឈាម​ទុក ប្រើ​ឱសថ​ការពារ​រាល់ថ្ងៃ ទទួលទាន​បន្លែ ៥​មុខ​ក្នុង ១​ថ្ងៃ និង​ផ្លែឈើ ៥​មុខ​បន្ថែមទៀត​។​

​វេជ្ជបណ្ឌិត​ច្រើន​នាក់​មកពី​មន្ទីរពេទ្យ​សាន់​រ៉ា​យ ជប៉ុន បង្ហាញ​ទៅ​អ្នកចូលរួម​ស្តាប់​នៅ​ថ្ងៃ​២៤ ខែមករា ក្នុង​សិក្ខាសាលា​សុខភាព ថា​អ្នកជំងឺ​លើសឈាម​ត្រូវអោយ​អ្នកជំនាញ​ធ្វើការ​ស្រាវជ្រាវ​រកមើល​ការខូចខាត​នៃ​ប្រព័ន្ធ​សរីរាង្គ​។​

​លោក​វេជ្ជបណ្ឌិត យូ​ស៊ី​ហ្វ៊ូមី ហា​យ៉ា​ស៊ី (Yoshifumi Hayashi) ឯកទេស​ខាង​ជំងឺលើសឈាម​ថ្លែង​ក្នុង​សិក្ខាសាលា «​ចូរ​កម្ចាត់​ជំងឺលើសឈាម​ពីថ្ងៃ​នេះ​» ថា ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​ឃាដក​បិទមុខ​ស្ងៀមស្ងាត់​បំផុត​។ លោក​ថា មនុស្ស​គ្រប់រូប​មុន​ឈានទៅរក​ការ​លើសឈាម ត្រូវ​ដឹង​ពី​កម្រិត​សម្ពាធ​ឈាម​របស់ខ្លួន​ដោយ​ត្រូវ​ធ្វើតេស្ត​ឈាម ទឹកនោម ការ​វាស់​ចរន្ត​បេះដូង និង​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ស្ថានភាព​នៃ​សរសៃឈាម​។​

​លោក​ថា សម្ពាធ​ឈាម​ធម្មតា​មាន ១២០ លើ ៨០​។ ប៉ុន្តែ​អ្នក​ត្រៀម​នឹង​លើសឈាម​គឺ​សម្ពាធ​ឈាម​ឡើង​ចន្លោះ​ពី ១២១ ទៅ ១៣៩ លើ ៨១ ទៅ ៨៩​។ ប្រសិនបើ​អ្នក​លើសឈាម​មិន​លេបថ្នាំ​ការពារ​រាល់ថ្ងៃ អាច​ប៉ោង​សរសៃឈាម ក្លាយទៅជា​លើសឈាម គឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​លើសពី ១៤០ លើ ៩០ ឡើងទៅ​៖ «​ឧទាហរណ៍​ថា បើ​វា​ប៉ះពាល់​ដល់​សរសៃឈាម​នៅក្នុង​ខួរក្បាល​ដែល​យើង​ហៅថា ជំងឺស្ត្រូក (stroke) ឬ​ហៅថា ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល យើង​តែងតែ​ច្រឡំ​ជាមួយនឹង​ខ្យល់គរ មនុស្ស​ហ្នឹង​ដួល ដល់ពេល​ដឹងខ្លួន​ឡើងវិញ ឬ​ជួនកាល​ស្លាប់​។ ជួនកាល​ដឹងខ្លួន​ឡើងវិញ តែ​កម្រើក​ដៃជើង​បញ្ជា​អត់​រួច នេះ​វា​ជា​សញ្ញា​ផល​លំបាក​នៃ​របស់​ការឡើង​ឈាម​បន្ត​យូរ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃឈាម​ក្នុង​ខួរក្បាល វា​ងាយ​ហូរឈាម វា​អាច​ខ្វះ​ឈាម​ក្នុង​ហ្នឹង​។ បើ​វា​ប៉ះពាល់​ដល់​ភ្នែក​វា​ធ្វើ​ឲ្យ​ខ្វាក់ភ្នែក បើ​ប៉ះពាល់​ដល់​ពោះ វា​អាច​ប៉ោង​សរសៃឈាម​នៅក្នុង​ពោះ​យើង ដែលមាន​សរសៃឈាម​ច្រើន ហើយ​វា​ប៉ោង​។ បើ​កន្លែង​ប៉ោង​ហ្នឹង​វា​ស្ដើង គឺ​វា​ធ្លាយ​ហូរឈាម​ទៅក្នុង​ពោះ​យើង ហើយ​បើ​ប៉ះ​ទៅ​តម្រងនោម វា​ខូច​តម្រងនោម បើ​តម្រងនោម​អត់​ច្រោះ​ជាតិពុល​ទៀត វា​ធ្វើ​ឲ្យ​មាន​បញ្ហា​សព្វបែបសព្វយ៉ាង​»​។​

​លោក យូ​ស៊ី​ហ្វ៊ូមី ហា​យ៉ា​ស៊ី ណែនាំ​ឲ្យ​អ្នកជំងឺ​លើសឈាម ត្រូវ​តម​អាហារ​ប្រៃ តមខ្លាញ់ តម​បារី បន្ថយ​គ្រឿង​ស្រវឹង ត្រូវ​លេបថ្នាំ​ការពារ​លើសឈាម​រាល់ថ្ងៃ ទទួលទានដំណេក​ឲ្យ​បាន​ទៀងទាត់ ហូប​បន្លែ​ឲ្យ​បាន ៥​មុខ និង​ផ្លែឈើ ៥​មុខ​បន្ថែមទៀត​ក្នុង​១​ថ្ងៃ ប្រើ​ប្រេងឆា​ផលិត​ពី​គ្រាប់​ធញ្ញជាតិ និង​ហាត់​កីឡា​ក្នុង​មួយអាទិត្យ​ឲ្យ​បាន ៥​ដង ក្នុង​ម្ដង​គឺ​ហាត់ ៤០​នាទី​។ លោក​បន្ថែមថា អ្នក​ដែល​ធ្លាប់តែ​ខ្វះ​ឈាម មិន​ប្រាកដថា​ទៅ​អនាគត​អ្នកនោះ​មិន​លើសឈាម​ទេ​។​

​ការណែនាំ​អំពី​សុខភាព​ដែរ គ្រូពេទ្យ​ជំនាញ​ព្យាបាល​ដោយ​ចលនា លោក យូ​ស៊ី​ហ្វ៊ូមី ហា​យ៉ា​ស៊ី មកពី​មន្ទីរពេទ្យ​គី​តា​ហា​រ៉ា ជប៉ុន ឲ្យ​ដឹងថា ការព្យាបាល​ដោយ​ចលនា​ផ្ទុយ​ពី​ការ​ម៉ាស្សា​។ ការព្យាបាល​ដោយ​ចលនា គឺ​សម្រួល​សរសៃ និង​សាច់ដុំ​ដែល​រឹង​ខុស​ប្រក្រតី​ឲ្យ​មក​ធម្មតា​វិញ​។ ចំណែក​ការ​ម៉ាស្សា គឺ​ការព្យាបាល​ឆាប់​ជា​ក្នុង​រយៈ​ខ្លី​ដែល​ផ្ទុយ​ពី​ការព្យាបាល​ដោយ​ចលនា ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​ជា​បានយូរ​ឆ្នាំ​។​​វេជ្ជបណ្ឌិត រ៉ាវី មកពី​ក្រុមហ៊ុន​ឥន្ទ្រី​បៃតង ពន្យល់ថា សាច់ បន្លែ ផ្លែឈើ តាំង​លក់​នៅ​ទីផ្សារ ភាគច្រើន​ប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​បំប៉ន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​របស់​អ្នក​ទទួលទាន​។ អ្នកស្រី​បន្តថា ដើម្បី​ឲ្យ​មាន​សុខ​ភាពល្អ ការជ្រើសរើស​អាហារ​ស​ម្រា​ប់​ហូប គឺ​ដាំ​ដុះ​ដោយ​ធម្មជាតិ​សុទ្ធ​។​

​អាកា​រៈ​លើសឈាម ជា​កត្តា​ដ៏​ចំបង​ដែល​នាំ​មាន​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​សរសៃឈាម​បេះដូង​មួយចំនួន​ផ្សេងទៀត​។ បើតាម​ការសិក្សា​ដដែល ជំងឺលើសឈាម បានសម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ជា ៧,៥​លាន​នាក់ ក្នុង​មួយឆ្នាំៗ នៅលើ​ពិភពលោក ជាពិសេស​នៅតាម​ប្រទេស​កំពុងអភិវឌ្ឍន៍​។ លើសឈាម ក៏​ជា​មូលហេតុ​ដ៏​សំខាន់​នៃ​ពិការភាព​ដែរ​។​

​បើតាម​លទ្ធផល​នៃ​ការសិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ ហានិភ័យ​នៃ​ការ​ស្លោក​សរសៃឈាម​បេះដូង និង​ការ​ដាច់​សរសៃឈាម​ខួរក្បាល អាច​នឹងត្រូវ​កើនឡើង​ទ្វេដង នៅ​រាល់​ពេលណា​ដែល​សម្ពាធ​ឈាម​ខាងលើ​ឡើង​ខ្លាំង ខាងលើ ២០ ឯ​សម្ពាធ​ក្រោម​ធ្លាប់​ទាប​ខ្លាំង​ត្រឹម​១០​។​

​ដោយ​ផ្អែកលើ​ទិ​ន្និ​ន័យ​នៃ​ការសិក្សា​ជាង​១៥០០ នៅក្នុង​២០០​ប្រទេស និង​លើ​មនុស្ស​ជាង ១៩​លាន​នាក់ គេ​សង្កេតឃើញថា នៅតាម​បណ្តា​ប្រទេស​ដូចជា កាណាដា អង់គ្លេស ប៉េ​រ៉ូ និង​សិង្ហ​បុរី មាន​អ្នក​ផ្ទុក​ជំងឺលើសឈាម​តិចជាងគេ​បំផុត ពោលគឺ​១​លើ​៥​ចំពោះ​មនុស្ស​ប្រុស និង​មួយ​លើ​៨​ចំពោះ​ស្ត្រី​។​

​ផ្ទុយទៅវិញ គេ​រាប់​ឃើញ​មាន​បុរស​ម្នាក់​ក្នុងចំណោម​បីនាក់ មាន​កើត​ជំងឺលើសឈាម នៅក្នុង​ប្រទេស​បី​នៅ​អឺរ៉ុប​ខាងកើត ដូចជា ប្រទេស​ក្រូ​អាស៊ី ហុង​គ្រី ស្លូ​វេ​នី​ឬ​លី​ទុយ​អា​នី ហើយ​នៅ អាហ្វ្រិក​ខាងលិច និង​អាហ្វ្រិក​កណ្តាល​វិញ ក្នុងចំណោម​ស្ត្រី​បីនាក់ មាន​ម្នាក់​ហើយ​កើត​ជំងឺលើសឈាម​។​

​ជា​សរុប នៅក្នុង​ចំនួន​មនុស្ស​១១០០​លាន​នាក់ នៅលើ​ពិភពលោក ដែល​រាប់​ថា​មាន​ជំងឺលើសឈាម នៅក្នុង​ឆ្នាំ​២០១៥​នេះ ជាង​ពាក់កណ្តាល​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ទ្វីបអាស៊ី ក្នុងនោះ ១៩៩​លាន​នាក់​ជា​ឥណ្ឌា ២២៦​លាន​នាក់​ជា​ចិន​។​

​ហេតុអ្វី​បានជា​ក្រុម​ប្រទេស​ក្រីក្រ​កំពុងអភិវឌ្ឍន៍​ទាំងអស់នេះ មាន​អ្នក​កើត​ជំងឺលើសឈាម​កើនឡើង​ជា​លំដាប់ ? អាយុ របៀបរបប​រស់នៅ របប​អាហារ​ប្រៃ​ខ្លាំ ជា​ចំណែក​មួយ​រុញច្រាន​ឱ្យ​ងាយ​ជួប​គ្រោះ​លើសឈាម​។ ប៉ុន្តែ​នៅមាន​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត​។​

​អឺរ៉ុប​ខាងកើត អាស៊ី​កណ្តាល អាហ្វ្រិក​សាហា​រ៉ា អូ​សេ​អា​នី សុទ្ធ​ជាព​ពូជ​មនុស្ស​ដែលមាន​សម្ពាធ​ឈាម ខ្ពស់​ខ្លាំងជាងគេ​បំផុត ! ឯ​ចំណែក​ប្រជាជន​ប្រទេស​កូរ៉េខាងត្បូង និង​កាណាដា​វិញ មាន​ប្រវត្តិ​សម្ពាធ​ឈាម​ទាប​ជាងគេ​បំផុត​។ ប៉ុន្តែ​សួរថា តើ​គ្មាន​មធ្យោបាយ​អ្វី​សម្រាប់​ទប់ស្កាត់ និង​ជួយ​បណ្តា​ប្រទេស​ក្រីក្រ កុំ​ឱ្យមាន​អត្រា​អ្នក​កើត​ជំងឺលើសឈាម​កើនឡើង​បាន ដូចដែល​បណ្តា​ប្រទេស​អ្នកមាន​ធ្លាប់​បានធ្វើ​កាលពី​៤០​ឆ្នាំមុន​ដែរឬទេ ?! គេ​គួរតែ​អាចធ្វើ​បាន​។ ប៉ុន្តែ បើតាម​សាស្ត្រាចារ្យ​Ezzati អ្នកដឹកនាំ​ការស្រាវជ្រាវ​ស្តីអំពី​ជំងឺលើសឈាម​លើ​ពិភពលោក​នេះ អង្គការ​សុខភាព​ពិភពលោក មិនអាច​សម្រេច​កម្មវត្ថុ​កាត់បន្ថយ​ចំនួន​អ្នក​កើត​ជំងឺលើសឈាម​នៅលើ​ពិភពលោក ឱ្យបាន​២៥% នៅ​ឆ្នាំ​២០២៥​បានឡើយ ប្រសិនបើ​គេ​មិន​គូរ​ធ្វើការ​អភិវឌ្ឍន៍​របប​ចំណីអាហារ​នៅក្នុង​ប្រទេស​ក្រីក្រ​ទាំង​នោះទេ​។​

​របប​ចំណីអាហារ​ដែល​ទាមទារ​ឱ្យមាន​ការកាត់បន្ថយ​កំរិត​បរិភោគ​អំបិល និង ទទួលទាន​ប​ន្លៃ​ផ្លែឈើ​ឱ្យបាន និង​ជាពិសេស​ទៅទៀត គឺ​ការ​ឆាប់​វែក​រកឃើញ​ករណី​មាន​គ្រោះ​ធ្លាក់​ទៅ​កើត​ជំងឺលើសឈាម ព្រមទាំង​ផ្តល់​ការថែទាំ និង​ព្យាបាល​ដិតដល់​ដល់​អ្នកមាន​ផ្ទុក​ជំងឺ​នេះ​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី