• Flexa
  • Default ខាងលើក្រោមមេនុយ

សូម​ចំណាយពេល​បន្តិចបន្តួច ដើម្បី​សុខភាព​របស់​អ្នក​៖ តើ​អ្វី​ទៅជា​គ្រោះ​នៃ​ការកើត​ជំងឺ​បេះដូង និង​ជំងឺ​សរសៃឈាម ? វិធី​បង្ការ​ការពារ​គ្រោះ​កើត​ជំងឺ​បេះដូង និង​ប្រព័ន្ធ​សរសៃឈាម​

4 ខែ កន្លងទៅ ណូ​រ៉ា

​នៅពេល​ទទួលទាន អាហារ អ្នកមាន​អារម្មណ៍ ថា​អួលៗ មិនធម្មតា​នៅក្នុង​ទ្រូង ប៉ែក​ខាងឆ្វេង បេះដូង​មាន ដំណើរ ការ​ញាប់​ញ័រ សុទ្ធតែជា​រោគសញ្ញា ដែល​នាំ​ឲ្យ​យើង​មានការ​ភិតភ័យ​។​

​ជំងឺ​បេះដូង​ខ្សោយ​ពិតប្រាកដ ឬ​ជំងឺ​ទាក់ទង​នឹង​សាច់ដុំ នៃ​បេះដូង​ជា​គ្រោះថ្នាក់​មួយ កើតមាន​ចំពោះ​មនុស្ស ទាំង ឡាយ​ណា ដែល​ត្រូវ​រង​ការឈឺចាប់ ដោយ​ចលនា​សរសៃឈាម នៃ​បេះដូង​រត់​មិនបាន​ស្រួល​។​

​កាលណា​សរសៃ ក្រហម (​សរសៃ​អា​ទែ​) ដែលមាន​ភារៈកិច្ច​ផ្ត​ត់​ផ្គង់​ឈាម​ឲ្យ​បេះដូង​មាន​សភាព​តូច​ត្បៀត​នោះ វា មិនអាច​នាំយក​ឈាម​ដែលមាន​អុកស៊ីហ្សែន មក​ចិញ្ចឹម​សាច់ដុំ​នៃ​បេះដូង​បាន​គ្រប់គ្រាន់​ឡើយ​។ ដូច្នេះ សាច់ដុំ​នេះ កំពុង​ជួប​នូវ​ការឈឺចាប់​ហើយ​។ ប្រសិនបើ​អ្នកដឹង​ខ្លួន​ច្បាស់​ថា​កើតមាន​ជំងឺ​នេះហើយ អ្នក​គួរ​ទៅ​ពិគ្រោះ​ជាមួយនឹង គ្រូពេទ្យ​ជាបន្ទាន់​។​

​រោគសញ្ញា​គួរ​ឲ្យា​បារ​ម្ភៈ​

​ជំងឺ​បេះដូង​ខ្សោយ​បង្ក​គ្រោះថ្នាក់ ខ្លាំង​ចំពោះ​អ្នកជំងឺ​។ ជាធម្មតា​ជំងឺ​បេះដូង​នេះ ចាប់​កើតចេញពី​ការឈឺចាប់ នៅក្នុង ដើមទ្រូង គឺ​នៅក្រោយ​ឆ្អឹង​សន្ទះ​ទ្រូង​តែម្តង​។ បន្ទាប់មក​ជំងឺ​នេះ ក៏​តោង​ជាប់​នៅក្នុង​ខ្លួនប្រាណ អ្នកជំងឺ​រួច​រីក​រាល ដាល​ដល់ដៃ​។​

​ជំងឺ​ចាប់ធ្វើ​ទុក​ដៃ​ឆ្វេង​មុន បន្ទាប់មក​ដៃស្តាំ​ដើម្បី​ឈាម​ទៅរក​ខ្នង​។ ក្នុងករណីនេះ​មិនត្រូវ​រារែក​ឡើយ អ្នក​ត្រូវ​ទៅ ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​បេះដូង​យ៉ាង​រូស​រាន់​។​

​រោគសញ្ញា​ផ្សេងៗ​

- ការដើរ​មិន​សម​ហេតុផល​នៃ​ចង្វាក់បេះដូងៈ បេះដូង​ហាក់ដូចជា​លោត​ញាប់​រន្ថាន់​ជាង​មុន បង្ក​ជា​ដំណើរ​លោត កញ្ឆក់​ម្តងៗ​។ ជា​ញឹកញាប់​សភាព​ដើរ​មិនធម្មតា​របស់​បេះដូង​កើតមាន​ក្រោយពេល​ខឹង​ខ្លាំង ឬ​ការ​ទទួលទាន កាហ្វេ ច្រើន​ហួស​កម្រិត​។ ប៉ុន្តែ​អ្នក​មិន​ចាប់​បាច់​ភ័យព្រួយ​ឡើយ​នេះ មិនមែនជា​អាកា​រៈ​នៃ​ជំងឺ​បេះដូង​ឡើយ​។​

- ការ​មាន​អារម្មណ៍​ឈឺចាប់ៈ ការឈឺចាប់​នៅ​ម្តុំ​បេះដូង​អាច​បណ្តាលមកពី​ការឈឺចាប់​នៅ​ចន្លោះ​ឆ្អឹងជំនីរ​មកពី​ក​ន្លា​ក់​ឆ្អឹងជំនី មកពី​រោគ​សរសៃ​ប្រ សាទ​។ គេ​មាន​អារម្មណ៍​ថា​ឈឺ​នៅពេល​សង្កត់​ដើមទ្រូង​។ ប៉ុន្តែ​មិនមែន​ឈឺ​គ្រប់ពេល​ទេ គឺ​អាស្រ័យ​នៅលើ ចលនា ខ្លះ​។ ទោះជា​យ៉ាងនេះ​ក្តី​អ្នក​មិនត្រូវ​ធ្វេសប្រហែស​ទេ ដោយ​អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ​។​

- ការឈឺចាប់​លើ​ផ្នែក​រំលាយ​អាហា​រៈ មនុស្ស​បរិភោគ​ច្រើន​អាច​នាំ​ការឈឺចាប់​ដល់​ទ្រូង ត្រង់​ម្តុំ​បេះដូង​។ ជំងឺ​នេះ គ្មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទេ​។ ប៉ុន្តែ​ជំងឺ​បេះដូង​ខ្សោយ​ខ្លះ​អាច​រកឃើញ ដោយសារ​បញ្ហា​រំលាយ​អាហារ​ដែរ​។

- ដំណើរ​កន្ត្រាក់​សាច់ដុំៈ អាច​បង្ក​ជា​ជំងឺ​ញ័រ​បេះដូង និង​ការឈឺចាប់​នៅត្រង់​បេះដូង​។​

​តើ​អ្វី​ទៅជា​គ្រោះ​នៃ​ការកើត​ជំងឺ​បេះដូង និង​ជំងឺ​សរសៃឈាម ?

​ជំងឺ​បេះដូង និង​សរសៃឈាម គឺ​សំដៅលើ​ជំងឺ​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​បេះដូង និង​ប្រព័ន្ធ​សរសៃឈាម​ទាំងមូល​ក្នុង​ខ្លួន​យើង​។ ជំងឺ​នេះ គឺជា​ជំងឺ​ដែល​ធ្វើការ​វិវឌ្ឍន៍​ដោយ​សន្សឹមៗ និង​ដោយ​ស្ងាត់កំបាំង​បំផុត​។​

​វា​ជា​ជំងឺ​ដែល​ប៉ះពាល់​បន្តិច​ម្តងៗ​ទៅលើ​សរសៃ​ឈាមក្រហម​នៅក្នុង​ខ្លួន​របស់​យើង​។ កំណក​សារជាតិ​Cholesterole បន្តិចៗ​ម្តង​នឹងធ្វើ​ឲ្យ​សរសៃ​ស្ទះ​។ សរសៃឈាម​គឺ​បំពង់​បង្ហូរ​មួយ​ដឹកនាំ​ឈាម​សំរាប់​យកទៅ​ចិញ្ចឹម​សរីរាង្គកាយ​មនុស្ស​។ នៅពេលដែល​ឈាម​ហូរ​មិន​ស្រួល​ដោយ​ត្រូវ​កកស្ទះ​ដោយ​ប្រការ​ណាមួយ​នោះ នោះ​នឹងធ្វើ​ឲ្យ​សរីរាង្គ​ណាមួយ​ជួប​បញ្ហា​។ កំណក​ស្ទះ​នេះហើយ​ដែលជា​ប្រភព​បង្ក​គ្រោះថ្នាក់​ដ៏​ចំបង​មួយ​ដល់​សុខភាព និង​អាច​ឲ្យ​អ្នកជំងឺ​ស្លាប់​ដោយ​ភ្លាមៗ​ទៀតផង​។​

​មាន "​កត្តា​" ជាច្រើន​ដែល​នាំ​ឲ្យ​បេះដូង និង​សរសៃ​ឈាមមាន​ជំងឺ ព្រោះ​ដូចដែល​នាង​ខ្ញុំ​បាន​ជំរាប​ពី​ខាងដើម​អញ្ចឹង​ថា បើ​ចរន្តឈាម​ហូរ​មិន​ស្រួល ដោយ​ត្រូវ​កកស្ទះ​នៅត្រង់ចំណុច​ណាមួយ នោះ​សរីរៈ​ខ្លះ​នឹង​ពុំ​អាច​ធ្វើការ​វិវឌ្ឍន៍​បាន​តាម​សម្រួល​ទេ​។ ក៏ប៉ុន្តែ គ្រោះ​កើត​ជំងឺ​បេះដូង និង​សរសៃឈាម​នេះ វា​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ទៅតាម​ស្ថានភាព​ជីវិត​រស់នៅ និង​ការប្រតិបត្តិ​របស់​យើង​។​

​ក្នុងចំណោម​សរីរាង្គកាយ​ទាំងអស់​របស់​មនុស្ស​យើង មាន​សរីរៈ​បី ដែល​ងាយ​នឹង​ទទួលផល​ប៉ះពាល់​ជាងគេ ៖

១- ខួរក្បាល​។ ខួរក្បាល​អាច​ទទួលផល​ប៉ះពាល់​ពីរ​យ៉ាង​។ ដំបូង​គឺជា​ផលប៉ះពាល់​ដែល​គេ​ទទួលរង​តែមួយ​រយៈ​ខ្លី​។ នោះ​គឺ​អ្នកជំងឺ​អាច​សន្លប់ ឬ​ដួល ឬ​ងងឹតភ្នែក​មើល​អ្វី​មិនឃើញ​មួយរយៈ​។ នេះ​គឺជា​សារ​ព្រមាន​មួយ​ដែលមាន​រយៈពេល​តែ​ពីរ ឬ​បី​នាទី​ប៉ុណ្ណោះ​។ ប៉ុន្តែ​ផលប៉ះពាល់​ទី​ពីរ​ដែល​សំខាន់ និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ជាប់​ជាប្រចាំ​អស់​មួយជីវិត គឺ​អ្នកជំងឺ​អាច​នឹង​ជួប​គ្រោះ​ដាច់​សរសៃឈាម ឬក៏​សរសៃឈាម​ត្រូវ​កកស្ទះ ស្ពៀត​ទាំងស្រុង ដែល​ធ្វើ​ឲ្យ​គាត់​ដួល​-​ស្លាប់​មួយ​ចំហៀង​ខ្លួន​លែង​កំរើក​បាន​។​

២- បេះដូង​។ ក៏​មិន​ខុសពី​ខួរក្បាល​ដែរ បេះដូង​អាច​ទទួលផល​ប៉ះពាល់ ជា​លក្ខណៈ​សន្សឹមៗ ប៉ុន្តែ​កាន់តែ​ធ្ងន់​ឡើងៗ ជា​រៀងរាល់ថ្ងៃ​។ សាច់ដុំ​បេះដូង​នឹង​ចុះខ្សោយ​ជា​លំដាប់ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ចុក​ណែន និង​ឈឺ​ក្នុង​ទ្រូង​។ នេះ​ជា​គ្រោះថ្នាក់​ដែល​វិ​វ​ឌ្ឍ​ទៅមុខ​បន្តិច​ម្តងៗ​ជានិច្ច​។ ផលប៉ះពាល់​មួយទៀត​ដែល​បេះដូង​អាច​ជួបប្រទះ​ជា​លក្ខណៈ​បន្ទាន់ ឬ​ភ្លាម​មួយ​រំពេច​នោះ សាច់ដុំ​បេះដូង​ត្រូវ​ស្វិត​ស្លោក ឬ​រលួយ និង​ជាពិសេស​វា​អាចធ្វើ​ឲ្យ​បេះដូង​គាំង​លែង​ដំណើរការ​ភ្លាម​មួយ​រំពេច​តែម្តង​។​

៣- អវៈយវៈ​ជើង​។ នៅពេល​ដំណើរ​ឈាម​ជួបនឹង​ភាពរអាក់រអួល នោះ អាកា​រៈ ឈឺ​ចុកចាប់ ស្ពឹក​ស្រពន់ ឬ​រមួលក្រពើ នៅ​កំភួនជើង អវៈយវៈ​ផ្នែក​ខាងក្រោម (​ជើង​ទាំងពីរ​) នឹង​លេចឡើង​បន្ទាប់ពី​បាន​ឈរ ឬ​ដើរ​យូរ​បន្តិច ប៉ុន្តែ​យូរៗ​ទៅ​អាកា​រៈ​នេះ កាន់តែ​ដុនដាប​ឡើងៗ អ្នកជំងឺ​អាចមាន​អា​ការៈឈឺ​កំភួនជើង មិនអាច​ដើរ​បាន​ឆ្ងាយ​សោះឡើយ​។ អាកា​រៈ​បែបនេះ​ជាស​ញ្ញា​ប្រាប់ថា​អ្នកមាន​រោគសញ្ញា​រលាក​សរសៃឈាម នៅ​ជើង​។ភ្នាក់ងារ​បង្ក​គ្រោះថ្នាក់​-​សត្រូវ​នឹង​បេះដូង​

​សូមជម្រាបថា ជំងឺ​បេះដូង និង​សរសៃឈាម គឺជា​ជំងឺ​ដែល​កើត​ឡើងជា​ញឹកញាប់ និង​ជាទូទៅ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ផង​។ ហើយ​ដូចដែល​នាង​ខ្ញុំ​បាន​រៀបរាប់​ពី​ខាងដើម​ស្រាប់​ថា មាន​កត្តា​ជាច្រើន​ដែល​ជំរុញ​ឲ្យ​យើង​មាន​ជំងឺ​បេះដូង និង​សរសៃឈាម​នេះ​។ កត្តា​គ្រោះថ្នាក់​មាន​ច្រើន ដែល​ត្រូវបាន​គេ​បែង​ចែកជា​ពីរ​ប្រភេទ​។​

​ប្រភេទ​ទីមួយ គឺជា​កត្តា​ដែល​មិនអាច​ចៀសវាង​បាន នោះ​គឺ​កត្តា​អាយុ និង​កត្តា​ភេទ ព្រមទាំង​កត្តា​គ្រួសារ​។ នៅពេលដែល​មនុស្ស​ម្នាក់ មាន​វ័យ​កាន់តែ​ជ្រេ គ្រោះ​កើត​ជំងឺ​បេះដូង និង​សរសៃឈាម​ក៏​កាន់តែ​កើនឡើង​ដែរ ហើយ​ជាទូទៅ​ធម្មជាតិ​បាន​តម្រូវ​ថា​មនុស្ស​ប្រុស​ងាយ​ទទួល​គ្រោះថ្នាក់​ជាង​ស្ត្រី​ច្រើន នៅក្នុង​ប្រភេទ​ជំងឺ​នេះ​។ បុរស​ដែលមាន​អាយុ​ចាប់ពី​៤៥​ឆ្នាំ​ឡើងទៅ ងាយ​រងគ្រោះ​កើត​ជំងឺ​បេះដូង​ណាស់ ចំណែកឯ​ស្ត្រី​វិញ ទាល់តែ​ដល់​អាយុ​៥៥​ឆ្នាំ ឬ​ទាល់តែ​អស់​រដូវ​ទើប​អត្រា​ភាគរយ​នៃ​គ្រោះថ្នាក់​មាន​កំរិត​ស្មើ​បុរស​។ ប្រសិនបើ​នៅមាន​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​ស្លាប់​មុន​អាយុ​៦៥​ឆ្នាំ ព្រោះតែ​ជំងឺ​បេះដូង នោះ​កូនចៅ​ស្រករ​ក្រោយ​ក៏​ងាយ​នឹង​កើត​ជំងឺ​នេះ ជាង​គ្រួសារ​ដែល​គ្មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះដែរ​។​

​កត្តា​ទី​ពីរ គឺ​កត្តា​ដែល​ចៀសវាង​បាន​។ យើង​អាច​កើត​ជំងឺ​បេះដូង ព្រោះតែ​ការប្រព្រឹត្ត​ផ្ទាល់ខ្លួន​ដូចជា ជក់បារី បរិភោគ​អាហារ​ដែលមាន​សារជាតិ​ខ្លាញ់ ជាតិ​ស្ករ​ច្រើន​ជ្រុល ទាល់​តែមាន​ជំងឺ​ខ្លាញ់​ក្នុង​ឈាម Cholesterole មាន​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម និង​ធាត់​។ នៅពេលដែល​មនុស្ស​ម្នាក់ៗ​មិនសូវ​ធ្វើការ​ហាត់ប្រាណ ធ្វើ​កីឡា ឬ​បញ្ចេញ​កម្លាំងកាយ ចូលចិត្ត​ភាព​ស្រណុក​ស្រួល នោះ​សារជាតិ​ខ្លាញ់​មិនល្អ​នឹង​ងាយ​កើនឡើង​នៅក្នុង​ឈាម​ណាស់​។ មិន​ធ្វើ​កីឡា មិន​បញ្ចេញ​កម្លាំង​ពលកម្ម​សោះ​ពេក នឹង​ជម្រុញ​ឲ្យ​ឆាប់​មាន​ជំងឺ​សម្ពាធ​ឈាម (​ជម្រុញ​ឲ្យ​មាន​ជំងឺលើសឈាម​)​។ សូម​ជំរាប​ថា ការបរិភោគ​អាហារ​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន និង​ខ្លាញ់​ច្រើន​ជ្រុល​ជា​ញឹកញាប់​ពេក នោះ​អត្រា​ជាតិ​ខ្លាញ់ ប្រូតេអ៊ីន ក៏មាន​ច្រើន​ក្នុង​ឈាម​ដែរ​។ ហើយ​បើ​ឈាមមាន​អត្រា​ជាតិ​ខ្លាញ់ ឬ​ប្រូតេអ៊ីន​ខ្ពស់​ពេក បំពង់​សរសៃឈាម​ក៏​ងាយ​នឹង​កកស្ទះ​ដែរ​។ ជាពិសេស​វា​ធ្វើ​ឲ្យ​អ្នក​បរិភោគ​ឡើង​ទម្ងន់ ដែលជា​បុព្វហេតុ​នាំ​ឲ្យ​បេះដូង​ត្រូវ​ប្រឹង​ធ្វើការ​ហួស​ធម្មតា​។ ចំពោះ​អ្នក​ដែល​ទទួលទាន​បារី និង​មាន​អាយុ​ក្រោម​៤៥ ឆ្នាំ​វិញ គាត់​ងាយ​នឹង​កើត​ជំងឺ​ស្លោក​សាច់ដុំ​បេះដូង​ច្រើនជាង​អ្នក​មិន​ជក់បារី​ដល់​ទៅ​៨​ដង​។​

​មធ្យោបាយ​ការពារ ?

​ការការពារ​ពិតជា​មាន ! ហើយ​មិន​ងាយស្រួល​ទេ ប៉ុន្តែ​វា​មាន​ប្រសិទ្ធិភាព​ខ្លាំងណាស់ ប្រសិនបើ​អស់លោក​អ្នកនាង​អាច​ព្យាយាម​ធ្វើការ​ការពារ​បាន​។​

​តែ​សូម​ចងចាំ​ថា ការកាត់បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង និង​សរសៃឈាម មាន​លក្ខណៈ​ងាយស្រួល ល្គិ​កណា​ការការពារ​ផ្តើមធ្វើ​តាំងពី​ដំបូង​។ វិធានការ​ចាំបាច់​សំខាន់ៗ​សំរាប់​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បេះដូង និង​សរសៃ​ឈាមមាន​បួន​ប្រការ​ធំៗ ៖

១- ឈប់​ជក់បារី​

២- ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ដ៏​ប្រពៃៗ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ត្រូវតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ទម្លាប់​អាក្រក់​ដែល​ចូលចិត្ត​តែ​ភាព​ស្រណុក ខ្លាចរអា​នឹង​ការបញ្ចេញ​កម្លាំង​។ ទាំងនេះ​មិន​មានន័យថា​លោកអ្នក​ត្រូវតែ​អញ្ជើញ​ទៅធ្វើ​កីឡា​រាប់​ម៉ោង​ក្នុង​មួយថ្ងៃៗ​នោះទេ ដើរ ឬ​រត់​១០​នាទី​មួយថ្ងៃ វា​ប្រសើរ​ណាស់​ទៅហើយ​សំរាប់​សុខភាព​។ ចំពោះ​ការបរិភោគ​ទៀតសោត តោង​ទទួលទាន​អាហារ​ឲ្យ​បាន​គ្រប់មុខ មាន​បន្លែ ផ្លែឈើ សាច់ ត្រី គ្រាប់​ធញ្ញជាតិ​បាយ សណ្តែក ពោត​។ ប្រសិនបើ​អាច​ពិសារ​បន្លែ​បៃតង ឬ​ផ្លែឈើ​បាន​កាន់តែច្រើន នោះ​កាន់តែ​ប្រសើរ​។ ចំណែក​សាច់ ម្ហូប​ចៀន ឬ ចំណី​ខ្លាញ់​វិញ ជាពិសេស​ជាមួយ​ខ្លាញ់ជ្រូក ខ្លាញ់គោ ឬ បឺ​រ សុទ្ធសឹង​ជាស​ត្រូវ​លេខ​មួយ​របស់​បេះដូង និង​សរសៃឈាម​ហើយ ហើយ​វា​ងាយ​នឹងធ្វើ​ឲ្យ​លោកអ្នក​ឆាប់​ឡើង​ទម្ងន់​ណាស់​។ បេះដូង​នឹងត្រូវ​ធ្វើការ​ហួស​ពី​កំរិត​ធម្មតា ប្រសិនបើ​លោកអ្នក​នាង​កាន់តែ​ធាត់​។ សុរា​ក៏​យ៉ាង​ដូច្នេះ​ដែរ បើ​លោក​អ្នកនាង​ជា​អ្នក​ធ្លាប់​ទទួលទាន​វា សូមកុំ​ឲ្យ​លើសពី​មួយ​កែវ​ក្នុង​មួយថ្ងៃ​។​

៣- នាង​ខ្ញុំ​ហាក់ដូចជា​វិល​មក​និយាយ​ជាន់គ្នា​ដដែលៗ ម្តង​ហើយ​ម្តងទៀត ពី​បញ្ហា​របប​អាហារ​។ ដ្បិត​របប​អាហារ​ត្រឹមត្រូវ អាចជួយ​កាត់បន្ថយ​សារជាតិ​ខ្លាញ់​ក្នុង​ឈាម​បាន​។ ហើយ​ម្យ៉ាងវិញទៀត ដូច បាន​និយាយ​ពី​ខាងដើម​ស្រាប់​មកហើយ​ថា មាន​ជំងឺ​ខ្លាញ់​ក្នុង​ឈាម និង​ជំងឺ​ទឹកនោមផ្អែម​ជាប់​កាយ គឺជា​កត្តា​គ្រោះថ្នាក់​មួយ​ដែល​ជំរុញ​ឲ្យ​យើង​ងាយ​មាន​ជំងឺ​បេះដូង​និង​សរសៃឈាម​។ ដូច្នេះ​ត្រូវតែ​កាត់បន្ថយ​អត្រា​ជាតិ​ខ្លាញ់ និង​សារជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​មានកំ​រិត​សមរម្យ តាមរយៈ​ការធ្វើ​របប​អាហារ ឬ​តាមរយៈ​ការទទួល​ទាន​ថ្នាំ​។​

៤- ត្រូវ​តាមដាន និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​។ ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម លោកអ្នក​គួរតែ​ព្យាបាល​ជំងឺ​នេះ​កុំ​ឲ្យ​ដាច់ និង​មិនត្រូវ​ឈប់​ទទួលទាន​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...