• Giloba

ស្វែងយល់​អំពី​ជំងឺ​កាមរោគ នឹង​វិធី​ព្យាបាល​

2 ខែ កន្លងទៅ ដានីន

​ជំងឺ​កាមរោគ និង​ការបង្ក​រោគ​មាន​ច្រើនបែប​ច្រើន​ប្រភេទ​ណាស់ ហើយ​ជំងឺ​កាមរោគ​នេះដែរ ច្រើនតែ​បង្កឡើង​ដោយ​ការបង្ក​រោគ​ជាច្រើន​ដែល​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ក្នុងពេល​រួមភេទ​។ យក​ល្អ​គួរតែ​ដឹង​អំពី​ប្រភេទ​នៃ​ជំងឺ​កាមរោគ​នោះ ព្រោះ​មនុស្ស​នៅលើ​ពិភពលោក​នេះ​មាន​ច្រើនជាង​ពាក់កណ្តាល​ហើយ​ដែល​នឹងត្រូវ​ឆ្លង​ជំងឺ​នេះ​ក្នុងពេល​ណាមួយ​ក្នុង​ឆាកជីវិត​។​

​ជំងឺ​កាមរោគ គឺជា​ជំងឺ​ម្យ៉ាង​ដែល​ឆ្លងតាម​ការរួម​ភេទ​ជាមួយ​ដៃគូ​ដែលមាន​ផ្ទុក​ជំងឺ​ដោយ​មិនបាន​ប្រើប្រាស់​វិធី​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​rhac.org.kh​។​

១. របៀប​ឆ្លង​ជំងឺ​កាមរោគ

–តាម​ការ​រួមភេទ ៖ មិនបាន​ប្រើ​ស្រោមអនាម័យ ឬ​ប្រើ​មិនបាន​ត្រឹមត្រូវ​ជាមួយ​ដៃគូ​ដែលមាន​មេរោគ​នេះ​

–ពី​ម្តាយ​ទៅ​កូន ៖ ពេល​ពរ​ពោះ និង​ពេល​សម្រាល​

–តាម​ឈាម​៖ បញ្ចូល​ឈាម សាក់ ការប្រើ​ម្ជុល​រួមគ្នា​

២. រោគសញ្ញា​

​ភាគច្រើន​នៃ​ជំងឺ​កាមរោគ​មិនមាន​ចេញ​រោគសញ្ញា​តែមួយ​ចំនួន​ក៏មាន​ចេញ​រោគសញ្ញា​នៅត្រង់​ប្រដាប់បន្តពូជ​ដូចជា ៖

•​​ហូរ​ខ្ទុះ​ពី​បង្ហូរ​នោម (​បុរស​)

•​ដុះ​ដូច​សិរមាន់​លើ​ប្រដាប់បន្តពូជ​ស្ត្រី ឬ​បុរស​

•​​ក្រហាយ រមាស់​លើ​ទ្វារមាស​

•​ហើម​ក្រលៀន​

•​ធ្លាក់ស មាន​ពណ៌​លឿង ឬ បៃតង​មាន​ធុំក្លិន​

•​ឈឺចាប់​នៅពេល​រួមភេទ​

•​នោម​ទាស់ ក្រហាយ​ឈឺ

•​​ចំពោះ​ស្ត្រី​ឈឺពោះ​ផ្នែក​ខាងក្រោម​។​ល​។​

៣. ផលវិបាក​នៃ​ជំងឺ​កាមរោគ​

​ជំងឺ​កាមរោគ​ដែល​មិនបាន​ព្យាបាល ឬ​ព្យាបាល​មិនបាន​ត្រឹមត្រូវ​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ដូចខាងក្រោម ៖

•​ទារក​កើតមក​ឆ្លង​ជំងឺស្វាយ​ពី​កំណើត (​ឆ្លង​ពី​ម្តាយ​ដែលមាន​ជំងឺស្វាយ​)

•​ទារក​មាន​ជំងឺ​រលាក​ភ្នែក បណ្តាល​ឲ្យ​ខ្វាក់​បាន​

•​​បុរស​អារ ស្ត្រី​អារ (​អត់​កូន​) ឬ​កូនក្រៅស្បូន​

•​​ស្លាប់​បណ្តាលមកពី​មេរោគ​រាតត្បាត​ក្នុង​ឈាម

•​មាន​ជំងឺមហារីក​មាត់ស្បូន​

•​​ការរួម​ត្បៀត​បង្ហូរ​នោម (​ចំពោះ​បុរស​)

•​​ងាយ​ឆ្លង​មេរោគ​អេដស៍​។​ល​។

៤. វិធានការ​បង្ការ​

•​តម ឬ​កុំ​ឆាប់​ប្រឡូក​នឹង​ការ​រួមភេទ ជា​មធ្យោបាយ​ល្អ​បំផុត និង​មាន​សុវត្ថិភាព ១០០%

•​ស្មោះត្រង់​មួយ​នឹង​មួយ​

•​ប្រើប្រាស់​ស្រោមអនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ពេល​រួមភេទ​ជាមួយ​ដៃគូ​ក្រៅ​

•​​ចៀសវាង​ប្រើ​ម្ជុល ឬ​សម្ភារៈ​ស្បែក​ផ្សេងៗ​រួមគ្នា​

•​លាង​សម្អាត​ប្រដាប់ភេទ​ជា​រៀងរាល់ថ្ងៃ​ជាមួយ​ទឹកស្អាត ដោយ​យកចិត្តទុកដាក់​ក្នុង​ការលាង​សម្អាត​នៅ​ខាងក្រោម​ស្បែក​លិង្គ​ចំពោះ​បុរស ហើយ​និង​ចន្លោះ​ស្បែក​រន្ធ​យោនី​ចំពោះ​ស្ត្រី​

•​លាង​សម្អាត​ប្រដាប់ភេទ​មុនពេល និង​បន្ទាប់ពី​ការរួម​ភេទ​។​

៥. អ្នក​កើត​ជំងឺ​កាមរោគ​

•​​ត្រូវ​ទៅ​មន្ទីរពេទ្យបង្អែក ឬ​មណ្ឌល​សុខភាព​

•​​ត្រូវ​លេបថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​

•​មិនត្រូវ​រួមភេទ​មុនពេល​ព្យាបាល​

•​ត្រូវ​ប្រើ​ស្រោមអនាម័យ​បើ​មានការ​រួមភេទ​

•​​ត្រូវ​ទៅពិនិត្យ​ឈាម​រក​មេរោគ​អេដស៍​។​ល​។​

​ដូច្នេះ​នៅពេលដែល​លោកអ្នក​សង្ស័យថា​កើតមាន​ជំងឺ​កាមរោគ គួរតែ​ស្វែងរក​ការព្យាបាល​ឱ្យបាន​ទាន់ពេលវេលា ហើយ​ការព្យាបាល​ជំងឺ​កាមរោគ​នេះ​មាន​ច្រើន​របៀប ៖

-​ត្រូវ​ព្យាបាល​ទាំង​ដៃគូ​រួមភេទ​

-​លេបថ្នាំ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​

-​ក្នុងកំឡុងពេល​ព្យាបាល​ត្រូវ​តម​ការ​រួមភេទ តែបើ​ទ្រាំ​មិនបាន​ត្រូវ​រួមរ័ក​ដោយ​ប្រើប្រាស់​ស្រោមអនាម័យ​ឱ្យបាន​ត្រឹមត្រូវ​

-​អ្នកជំងឺ​គូរ​តែ​ទៅពិនិត្យ​ឈាម​រកមើល​មេរោគ​អេដស៍​

-​មិនត្រូវ​រួមភេទ​នៅពេល​ដែលមាន​ជំងឺ​កាមរោគ ឬ​មិនទាន់​ជាសះស្បើយ​ឡើយ​

-​មិនត្រូវ​ព្យាបាល​ដោយ​ខ្លួនឯង​ទេ​

​យើង​មិនដឹងថា​មនុស្ស​ណា​ម្នា​ក់មាន​ផ្ទុក​កាមរោគ​ក្រៅពី​ការពិនិត្យ​ឈាម​នោះឡើយ​។ មិនត្រូវ​ទុកចិត្ត​នរណាម្នាក់​ថា​គ្មាន​កាមរោគ​ឡើយ​ក្រៅពី​ខ្លួន​អ្នក ដូច្នេះ​បើ​សម្រេចចិត្ត​រួមភេទ​ជាមួយ​អ្នកណាម្នាក់​ត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ​ឱ្យបាន​ត្រឹមត្រូវ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...