• Flexa

កម្លាំង​នគរបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នឹងត្រូវ​ប្រមូលផ្តុំ​កម្លាំង​ទាំងអស់ ដើម្បី​ត្រៀម​អនុវត្ត​បទបញ្ជា​ពេល​ចាំបាច់​ចំពោះមុខ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥-១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧

1 សប្ដាហ៍ កន្លងទៅ វុត្ថា

​កម្លាំង​នគរបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នឹងត្រូវ​ប្រមូលផ្តុំ​កម្លាំង​ទាំងអស់ ដើម្បី​ត្រៀម​អនុវត្ត​បទបញ្ជា​ពេល​ចាំបាច់​ចំពោះមុខ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥-១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ​។ ការប្រមូល​កម្លាំង​នេះ គឺ​ស្រប​ពេលដែល​តុលាការ​កំពូល គ្រោង​នឹង​បើកសវនាការ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ លើ​សំណុំរឿង​ក្រសួងមហាផ្ទៃ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​យោងតាម​លិខិត​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សេក ភូមី ប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​សាធារណៈ ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជម្រាប​ជូនទៅ​ប្រធាន​នាយកដ្ឋាន​ចំណុះ​នាយកដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​សាធារណៈ​ថា យោងតាម​សំណូមពរ​ការងារ​ចាំបាច់​ចំពោះមុខ ចាប់ពី​ថ្ងៃទី​១៥-១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រូវ​ចាត់តាំង​ក្រុម​ប្រចាំការ ២៤​ម៉ោង​លើ ២៤​ម៉ោង និង​អនុវត្ត​ការងារ​មួយចំនួន​បន្ថែមទៀត​ដូចជា ប្រមូល​កម្លាំង​ទាំងអស់​ប្រចាំការ​តាម​នាយកដ្ឋាន​នីមួយៗ ដើម្បី​ត្រៀម​អនុវត្ត​បទបញ្ជា​ពេល​ចាំបាច់​។ ក្រុម​ប្រចាំការ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ប្រយុទ្ធ និង​ក្តាប់​របាយការណ៍​ប្រចាំថ្ងៃ និង​របាយការណ៍​ចៃដន្យ​ពាក់ព័ន្ធ​នាយកដ្ឋាន និង​ស្នងការ​នគរបាល​រាជធានី -​ខេត្ត​...​។​

​សូមជម្រាបថា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ តុលាការ​កំពូល​នឹង​បើកសវនាការ​លើ​បណ្តឹង​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក ឌិ​ត មន្ទី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​តុលាការ​កំពូល បានចេញ​លិខិត​អញ្ជើញលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​សវនាការ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ៨​ព្រឹក នៅ​តុលាការ​កំពូល​។ ការបើក​សវនាការ​នេះ គឺ​បន្ទាប់ពី​មេធាវី​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧ បានដាក់​ពាក្យបណ្តឹង​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​តុលាការ​កំពូល ពាក់ព័ន្ធ​ករណី​រៀបចំ​ផែនការ​ឃុបឃិត​ជាសម្ងាត់​ជាមួយ​បរទេស ក្នុងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ទម្រង់​នៃ​ការធ្វើ​បដិវត្តន៍​ពណ៌​។​

​ជាមួយគ្នា​នោះដែរ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ VOD បានលើកឡើង​យ៉ាង​ដូច្នេះ​ថា ៖

​មន្ត្រី​នគរបាលជាតិ បាន​អះអាងថា គណបក្សប្រឆាំង​គ្រោង​ប្រមូលផ្ដុំ​អ្នកគាំទ្រ​របស់ខ្លួន​នៅ​សប្ដាហ៍​ក្រោយនេះ ចំ​ពេលដែល​តុលាការ​កំពូល​នឹង​សម្រេច​អំពី​ជោគវាសនា​របស់​គណបក្ស​មួយ​នេះ ប៉ុន្តែ មន្ត្រី​បក្សប្រឆាំង​បាន​បដិសេធ​ទៅនឹង​ព័ត៌មាន​បែបនេះ​។​

​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ក្រសួងមហាផ្ទៃ​ប្ដឹង​ទៅកាន់​តុលាការ​កំពូល​ឲ្យ​រំលាយចោល ដោយ​ចោទថា គណបក្ស​នេះ​បាន​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា ដែល​ត្រូវ​ចាប់ខ្លួន​ដាក់​ឃុំ​ក្រោម​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​ថា «​ក្បត់ជាតិ​»​។​

​ការសម្រេច​ថា រំលាយ ឬ​មិន​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ នឹងត្រូវ​តុលាការ​កំពូល​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ ប៉ុន្តែ របាយការណ៍​នគរបាល​ជាតិ បង្ហាញថា គណបក្ស​នេះ​គ្រោង​ប្រមូលផ្ដុំ​អ្នកគាំទ្រ​របស់ខ្លួន​នៅក្នុង​ថ្ងៃ​ប្រកាសសេចក្ដី​សម្រេច​នេះ​។​

​ក្នុង​របាយ​កាក​រណ៍​ផ្ញើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក ជួន សុវណ្ណ ដែលជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ផង​នោះ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ លោក ស៊ឹម វុទ្ធី បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ផែនការ​ឲ្យ​ប្រមូលផ្ដុំ​សកម្មជន​ឲ្យ​ចំនួន ២០០​នាក់​ឡើងទៅ ដើម្បី​ជួបជុំ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​។​

​ក្នុង​របាយការណ៍​ដដែល​នោះ លោក ស៊ឹម វុទ្ធី បាន​លើកឡើងថា លោក​ទទួលបាន​ព័ត៌មាន​បែបនេះ កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា​នេះ តាមរយៈ​ភ្នាក់ងារនគរបាល ដែល​ត្រូវបាន​ហៅ​កាត់​ថា A២៣​។​​របាយការណ៍​ភ្នាក់ងារ​ផ្ដល់ព័ត៌មាន​ដដែល​នោះ បាន​រៀបរាប់ថា គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ខេត្ត​របស់​បក្ស​សង្គ្រោះ​ជាតិ ជា​អ្នកចំណាយ​លើ​ការធ្វើដំណើរ​របស់​អ្នកគាំទ្រ​ម្នាក់ៗ ដែល​ភ្នាក់ងារនគរបាល​អះអាង​ថា មាន​ចំនួន ២០​ដុល្លារ​សម្រាប់​អ្នកគាំទ្រ​ម្នាក់​។​

​របាយការណ៍​ដដែល​នោះ បាន​អះអាងថា គណបក្សប្រឆាំង​បាន​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​របស់ខ្លួន​ឲ្យ​បញ្ជូន​សកម្មជន​របស់​ខ្លួន​មក​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​សម្រាប់​អ្នក​នៅ​ខេត្ត​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ និង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា សម្រាប់​អ្នក​នៅ​ជិត​រាជធានី​ភ្នំពេញ​។​

​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​បដិសេធ​ទៅនឹង​របាយការណ៍​រប​ស់​នគរបាលជាតិ ដោយ​ថា គណបក្ស​លោក​មិនមាន​គម្រោង​បែបនេះ​នោះទេ​។​​លោក សុន ឆ័យ បាន​ប្រាប់​វី​អូ​ឌី​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃនេះ​ថា​៖ «​គណបក្ស [​សង្គ្រោះ​ជាតិ​] អត់​ទាន់​បានសម្រេច​ថា ធ្វើ​អ្វី​ផង​។ ខ្ញុំ​អត់​ដឹង​សោះ​ហ្មង​បាទ​! ខ្ញុំ​អ្នកនាំពាក្យ​អត់​ដឹង​ហើយ តើ​អ្នកណា​ធ្វើ​អី​ម៉េច​មិន​ប្រាប់​យើង​ឲ្យ​ដឹង​?»​។​

​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ បានចេញ​របាយការណ៍​បែបនេះ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​ណែ​នាំទៅ​កម្លាំង​សន្តិសុខ ឲ្យ​បន្ថែម​កម្លាំង​ការពារ​សន្តិសុខ​បន្ថែម និង​យាមល្បាត​រយៈពេល ៣​ថ្ងៃ ចន្លោះ​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៧ ខែវិច្ឆិកា​ខាងមុខនេះ​។​

​បើតាម​ការគ្រោងទុក​នោះ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​ខាងមុខនេះ តុលាការ​កំពូល​នឹង​បើក​សវន​ការ តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ដែល​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​គណបក្ស​នេះ​ត្រូវបាន​ចោទថា ចូលរួម​ជា​ប្រព័ន្ធ​ជាមួយ​ប្រធាន​បក្ស លោក កឹម សុខា ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ក្រោម​ការ​ចោទថា «​ក្បត់ជាតិ​»​។​

​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​មហាអំណាច​ខាង​លោក​សេរី បាន​ថ្កោលទោស​ជា​បន្តបន្ទាប់ ជុំវិញ​ការឃុំខ្លួន​មេបក្ស​ប្រឆាំង និង​ការប៉ុនប៉ង​រំលាយ​គណបក្ស​នេះ ហើយ​ពួកគេ​ព្រមាន​ពី​ហានិភ័យ​នានា​នៃ​ការដើរថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ ប៉ុន្តែ ភាគី​រដ្ឋាភិបាល ជា​ញឹក​ញ៉ាប់ ហៅ​សកម្មភាព​ទាំងនោះ គឺ​គ្រាន់​ជាការ​អនុវត្ត​ច្បាប់​តែប៉ុណ្ណោះ​៕​

សុខភាព/បុរស/ស្ត្រី