• Flexa

សរុប​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ប្រមាណ​ជាង ៨​លាន​នាក់​ក្នុងនោះ​ជិត​ពាក់កណ្ដាល​ដែល​គាំទ្រ​បក្សប្រឆាំង​អាច​ទៅ​បោះឆ្នោត​ឆ្នាំ​២០១៨​ឬទេ​? ប្រសិនបើ​បក្សប្រឆាំង​ត្រូវ​រំលាយ​

1 សប្ដាហ៍ កន្លងទៅ ដានីន

​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​រយៈពេល​ជាង​២​ខែ​មកនេះ មាន​ចំនួន​ជាង​៥៣​ម៉ឺន​នាក់ បើ​គិត​មកដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ដែល​ចំនួន​នេះ គឺ​ស្មើ​ជាង​៣៣​ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​ប៉ាន់ស្មាន​សម្រាប់​ការចុះឈ្មោះ​ថ្មី​ជាង​១,៦​លាន​នាក់​។​

​ការចុះឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នក​គ្រប់​អាយុ​បោះឆ្នោត និង​អ្នក​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ បានចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែកញ្ញា ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា​។​​លោក សោម សូ​រី​ដា អគ្គលេខាធិការ​ង​នៃ​គ​.​ជ​.​ប បាន​ថ្លែង​ប្រាប់ថា អ្នក​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៧​នេះ មាន​ជាង​៥៣​ម៉ឺន​នាក់​នៃ​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ជាង​១,៦​លាន​នាក់​។ លោក​បញ្ជាក់ថា ចំនួន​អ្នក​មិន​បានមក​ចុះឈ្មោះ​បោះឆ្នោត​ជាង​១​លាន​នាក់ គឺជា​ទិន្នន័យ​ចាស់​ឆ្នាំ​២០១៦ គឺ​សំដៅ​ទៅលើ​អ្នក​នៅ​ខាងក្រៅ​ប្រទេស​ជាង​១​លាន​នាក់​។​

​លោក​បាន​ចាត់ទុកថា ទិន្នន័យ​នេះ គឺអាច​ទទួលយកបាន​។​

​លោក​មានប្រសាសន៍ថា​៖ «​ការចុះឈ្មោះ​នេះ បើតាម​យោបល់​ពូ គឺ​វា​មាន​ទិន្នន័យ​គួរ​ជាទី​ពេញចិត្ត ដែល​យើង​គិតថា មកដល់ពេលនេះ គឺ​ប្រជាពលរដ្ឋ ដែល​យើង​ប៉ាន់ស្មាន​ជាង​៩​លាន​នាក់ បានមក​ចុះឈ្មោះ​បោះឆ្នោត​ជាង​៨​លាន​នាក់ ដូច្នេះ​តួលេខ​នេះ គឺជា​តួលេខ​មួយ​ដែល​អាច​ទទួលយកបាន ហើយ​ពូ​ពេញចិត្ត​ជាមួយ​តួលេខ​នេះ ពីព្រោះ​ទោះបីជា​យើង​ខំ​ពន្យារ​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចំណាកស្រុក​ទៅ​ឯ​ក្រៅប្រទេស​ហ្នឹង លោក​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​មក​ចុះឈ្មោះ​បោះឆ្នោត​ទេ ហើយ​ប្រហែលជា​ខ្វះ​ទាំង​មធ្យោបាយ​ក្នុងការ​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​»​។​

​បើតាម​លោក សោម សូ​រី​ដា បើ​សរុប​ចំនួន​មនុស្ស​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត គឺមាន​ជាង​៨​លាន​នាក់ ដែល​ស្មើ​ប្រមាណ​៨៥​ភាគរយ​នៃ​អ្នក​ដែល​អាច​បោះឆ្នោត​បាន គឺ​អាយុ​១៨​ឆ្នាំ​ឡើងទៅ​។ លោក​ចាត់ទុក​ចំនួន​៨៥​ភាគរយ គឺ​ខ្ពស់​ជាងគេ បើ​ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់​។​

​អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា បើ​ទោះ​កម្ពុជា​ប្រឈម​នឹង​បញ្ហានយោបាយ​តានតឹង​ក៏ដោយ លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​មិន​ប៉ះពាល់​ដល់​ការចុះឈ្មោះ​បោះឆ្នោត​នោះទេ​។​

​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​កំពុងស្នាក់នៅ​សហរដ្ឋអាមេរិក​តាំងពី​ខែសីហា ដោយ​បារម្ភ​ពី​សុវត្ថិភាព ស្របពេល​នយោបាយ​តានតឹង មានប្រសាសន៍ថា ស្ថានការណ៍​នយោបាយ​ឡើងក​ម្តៅ បាន​ប៉ះពាល់​ដល់​ការចុះឈ្មោះ​បោះឆ្នោត ស្របពេល​មានការ​រឹតត្បិត​លើ​ឯកសារ​បញ្ជាក់​ទីលំនៅ​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​។ លោក​ក៏បាន​ចោទប្រកាន់ថា គណបក្សកាន់អំណាច​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ច្រើន​នោះទេ​។​

​លោក​បាន​ថ្លែង​ប្រាប់ថា​៖ «​គណបក្សកាន់អំណាច គេ​ដឹងថា​កាលណា អ្នក​ចុះឈ្មោះ​មាន​ចំនួន​កាន់តែច្រើន គឺ​គណបក្សប្រឆាំង​នឹងមាន​ប្រៀប​។ អញ្ចឹង​ហើយ​គេ​ត្រូវ​រក​វិធី​យ៉ាងម៉េច​ដើម្បី​ឲ្យ​បន្ថយ​អ្នក​ចុះឈ្មោះ​បាន​តិច​ទៅ ដើម្បី​គេ​មានប្រៀប​ផ្នែក​នយោបាយ​»​។​

​លោក​ក៏បាន​បង្ហាញ​សេចក្តី​សង្ឃឹមថា បរិយាកាស​នយោបាយ​នឹងមាន​ភាពល្អប្រសើរ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាច​ចូលរួម​ការបោះឆ្នោត​នៅពេល​ខាងមុខ​។​​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ច្រានចោល​ការចោទប្រកាន់រ​ប​ស់លោក អេង ឆៃអ៊ាង​។​

​លោក​មានប្រសាសន៍ថា​៖ «​វា​មាន​ទឡ្ហីករណ៍ ឬ​ហេតុផល ឬមួយ​ក៏​ភស្តុតាង​អី ដែល​បញ្ជាក់ថា​គណបក្ស​ប្រជាជន​គ្មាន​ចេតនា​ចង់​ឲ្យ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត អាហ្នឹង​ជាការ​និយាយ​មូល​បង្កាច់​ហើយ​»​។ លោក​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​អបអរសាទរ​នឹង​តួលេខ​នៃ​ការចុះឈ្មោះ​នេះ ហើយ​សង្ឃឹមថា ពួកគេ​នឹង​ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា​។​​លោក យឿ​ង សុធា​រ៉ា មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល លើកឡើងថា ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​នេះ​អាច​ទទួលយកបាន បើទោះជា​មិនទាន់​ពេញចិត្ត​ទាំងស្រុង​ក៏ដោយ​។ លោក​ក៏បាន​បង្ហាញ​ការសោកស្តាយ ដែល​គ​.​ជ​.​ប មិនមាន​លទ្ធភាព​ក្នុងការ​ចុះឈ្មោះ​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស​បាន​។​

​លោក សុធា​រ៉ា យល់ឃើញថា បញ្ហានយោបាយ​ក៏​ជាហេតុ​ផល​មួយ​ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មិន​ចង់ទៅ​ចុះឈ្មោះ​បោះឆ្នោត​ផងដែរ​។​

​លោក យឿ​ង សុធា​រ៉ា សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ចូលរួម​ជា​វា​គ្មី​ន​ពិភាក្សា​អំពី​ឯករាជ្យភាព​នៃ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា នៅក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃ​ច័ន្ទ ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦​។

​លោក​បាន​ថ្លែងប្រាប់​VOA​ថា​៖ « វា​មាន​អ្នកខ្លះ ក៏​គិតថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​គណបក្សប្រឆាំង​ធំ គាត់​ចុះឈ្មោះ​បោះឆ្នោត គាត់​ប្រុង​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ហ្នឹងហើយ ដល់ពេល​គណបក្ស​ហ្នឹង​ប្រុង​នឹង​រំលាយ​ដដែល គាត់​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​អី​? បើ​គណបក្ស​បោះឆ្នោត គាត់​អត់​មាន​ជម្រើស គាត់​ទៅ​គូស​បោះឆ្នោត​ឲ្យ​ផង​ហ្នឹង​»​។​

​លោក យឿ​ង សុធា​រ៉ា មានប្រសាសន៍ថា ប្រសិនបើ​បរិយាកាស​នយោបាយ​មិនល្អ រហូតដល់​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ប្រជាជន​មួយចំនួន​នឹងមិន​ចូលរួម​ការបោះឆ្នោត​នៅ​ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក​មានប្រសាសន៍ថា​៖«​ខ្ញុំ​មិន​គិតថា ប្រជាពលរដ្ឋ​ដែលមាន​និន្នាការ​នយោបាយ​គាំទ្រ​គណបក្សប្រឆាំង គាត់​នឹង​ចេញទៅ​បោះឆ្នោត​ទេ​។ អាច​ថា​ភាគច្រើន​នៃ​ពួកគាត់​នឹងមិន​សប្បាយចិត្ត​ហើយ​មិន​ចេញទៅ​ចូលរួម​បោះឆ្នោត អាហ្នឹង​វា​អាស្រ័យ​លើ​ស្ថានភាព​»​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​សាកល​ឆ្នាំក្រោយ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ អ្នកវិភាគ​ថា ប្រសិនបើ​បរិយាកាស​នយោបាយ​មិន​ធូរស្រាល ហើយ​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​វា​នឹង​ប៉ះពាល់​ដល់​ការបោះឆ្នោត​ខាងមុខ​៕

សុខភាព/បុរស/ស្ត្រី