• Flexa

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើរ​ឲ្យ​លោក ដូ ណា​ល់​ត្រាំ ​ណែនាំ​មន្ត្រី​ថ្នាក់ក្រោម​មួយចំនួន​

1 សប្ដាហ៍ កន្លងទៅ រក្សាមុន្នី

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​គាំទ្រ​ចំពោះ​គោលនយោបាយ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ថា​លោក ដូ ណា​ល់​ត្រាំ គឺជា​មនុស្ស​ដ៏​អស្ចារ្យ​។ ក្រោយ​ថ្លែង​សារ​កោតសរសើរ​បែបនេះ សម្តេច ហ៊ុន សែន ក៏បាន​ស្នើ​ជាថ្មី នៅ​ចំពោះមុខ​លោក ត្រាំ និង​ថ្នាក់ដឹកនាំ​ប្រទេស​ជាច្រើន​ទៀត ឲ្យ​សហរដ្ឋអាមេរិក បង្វែរ​បំណុល​ដែល​កម្ពុជា ជំពាក់​សហរដ្ឋអាមេរិក នៅ​ក្នុងសម័យ​សាធារណរដ្ឋ មកជា​ជំនួយ​អភិវឌ្ឍន៍​កម្ពុជា​វិញ​។​

​ការ​ថ្លែង​របស់​សម្តេច ហ៊ុន សែន បែបនេះ គឺធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទំនាក់ទំនង​កិច្ចសន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​ប្រព្រឹត្តិ​ទៅ​នៅ​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ថ្នាក់​ដឹក​ប្រទេស​ចំនួន ២០ ក្នុងនោះ​រួមមាន​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​មួយចំនួន​។​

(​ស្តាប់​ការ​ថ្លែង​សុន្ទរកថា​ដ៏​ពិសេស​របស់​សម្តេច ហ៊ុន សែន នៅ​ចំពោះមុខ​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​ពិភពលោក​)

​នៅក្នុង​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅក្នុង​ប្រទេស​វៀតណាម នៅ​សប្តាហ៍​កន្លងទៅនេះ ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​ថ្លែងថា «​យើង​នឹង​សហប្រតិបត្តិការ​ក្នុង​លក្ខណៈ​គោរព​គ្នា​ទៅវិញទៅមក និង​ចែករំលែក​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។ យើង​គោរព​ឯករាជ្យភាព និង​អធិបតេយ្យ​នៃ​ប្រទេសជាតិ របស់​អ្នក​។ យើង​ចង់​ឲ្យ​អ្នកខ្លាំង រីកចម្រើន និង​មាន​ឯករាជ្យ ដោយ​ខ្លួនឯង ចាក់​ឬ​ស​ជ្រៅ​ក្នុងតម្លៃ​ប្រវត្តិសាស្ត្រ​របស់​អ្នក និង​ប្រឹងប្រែង​ដើម្បី​អនាគត​ល្អប្រសើ​នៃ​ប្រជាជន​អ្នក​»​។​

​សម្តេច ហ៊ុន សែន បាន​ថ្លែង​គូសបញ្ជាក់ថា បន្ទាត់នយោបាយ​របស់​លោក ត្រាំ នេះ នឹងធ្វើ​ឲ្យ​អាមេរិក​មាន​មិត្តភក្តិ​កាន់តែច្រើន​។ សម្តេច ហ៊ុន សែន ក៏បាន​ថ្លែងប្រាប់​លោក ដូ​ណា​ល់ ត្រាំ ផងដែរ​ថា ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​នឹង​កំពុង​ដើរ​ផ្ទុយ​ពី​បន្ទាត់នយោបាយ​របស់លោក ដូ​ណា​ល់ ត្រាំ ហើយ​កំពុងតែ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​ជាមួយ​ប្រសាសន៍​ដោយ​មិន​ខ្លាចរអា និង​និយាយ​ដោយ​ត្រង់ៗ​នោះ​សម្តេច ហ៊ុន សែន បាន​ថ្លែង​យ៉ា​ដូច្នេះ​ថា​៖

«​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ មិន​ត្រឹមតែ​មិនមាន​អ​ព្យា​ក្រឹត្យ​ចំពោះ​បញ្ហា​ប្រទេស​កម្ពុជា​ទេ មិនមាន​អ​ព្យា​ក្រឹត្យ​ទាំង​បេក្ខជន​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក​ខ្លួនឯង​តែម្តង​។ ចំណុច​នេះ​ខ្ញុំ​ចង់​ជម្រាបជូន​ឯកឧត្តម​ថា សហរដ្ឋអាមេរិក បើ​អនុវត្តន៍​តាម​គោលនយោបាយ​ថ្មី​របស់​ឯកឧត្តម ក្នុង​ការគោរព​ឯករាជ្យ និង​អធិបតេយ្យភាព​នៃ​ប្រទេស​ដទៃ អាមេរិក​នឹងមាន​មិត្តភក្តិ​ច្រើនណាស់ ហើយ​គេ​គោរព និង​ស្រឡាញ់​។ ហើយ​រយៈពេល​កន្លងទៅ​នេះ ខ្ញុំ​សូមជម្រាបថា ប្រទេស​នៅទីនេះ ខ្ញុំ​គិតថា គ្រាន់​តែមាន​អ្នក​ហ៊ាន​និយាយ ឬ​មិន​ហ៊ាន​និយាយ​តែប៉ុណ្ណោះ គឺ​នៅត្រង់ថា រដ្ឋ​កាល​មុនៗ​គេ​បាន​ប្រើប្រាស់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អ្នកដទៃ យើងខ្ញុំ​ជា​ជនរងគ្រោះ​ម្តង​ហើយ​ម្តងទៀត​។ ឥឡូវ​កំពុង​បន្ត​ក្លាយជា​ជនរងគ្រោះ​ដោយសារតែ​សកម្មភាព​របស់​អ្នក​ខាងក្រោម ដែល​ដើរ​ខុសពី​បន្ទាត់នយោបាយ​របស់​ឯក​ឧ​ត្ត​ម​»​។​

​សម្តេច​បន្តថា «​នយោបាយ​របស់​ឯកឧត្តម​កំពុងតែធ្វើការ​កែប្រែ ប៉ុន្តែ​ស្ថានទូត [​អាមេរិក​] នៅ​ទីក្រុង​ភ្នំពេញ មិនទាន់​បានធ្វើ​ការកែ​ប្រែ​ទេ យើងខ្ញុំ​ត្រូវការ​កសាង​ច្បាប់ គេ​មករា​រាំង​ការកសាង​ច្បាប់ យើងខ្ញុំ​អនុវត្តន៍​នូវ​ការអនុវត្តន៍​ច្បាប់​របស់​ប្រទេស ត្រូវបាន​គេ​រារាំង​។ ចំណុច​នេះ​ខ្ញុំ​គិតថា ប្រហែលជា​ឯកឧត្តម​មាន​ភារកិច្ច ដើម្បី​នឹង​ដាស់តឿន​ជាមួយ​មន្ត្រី​ទាំងឡាយ ព្រោះ​រឿងនេះ​ជាគោលការណ៍​ធំ​ណាស់​ទាក់ទង​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​»៕

សុខភាព/បុរស/ស្ត្រី