• Flexa

ប្រទេស​ចិន ធានា​បោសសម្អាត​គ្រាប់មីន និង យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​ឱ្យបាន​ឆាប់រហ័ស​បើទោះជា​គ្មាន​អាមេរិក

1 សប្ដាហ៍ កន្លងទៅ វុត្ថា

​គេ​នៅ​ចាំបាន​ថា ក្រោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានប្រកាស​ប្រាប់​អង្គការ​ដែលជា​ដៃគូ ឈប់​ផ្តល់ជំនួយ​ក្នុង​ប្រតិបត្តិការ​ដោះ​គ្រាប់បែក ដែល​ទម្លាក់​ដោយ​អាមេរិក​ខ្លួនឯង នៅ​លើក​ទឹកដី​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៨​នោះ នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (​ស៉ី​ម៉ាក់​) បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន ដែល​ស្និ​ទ្ធិ​ស្នាល​រដ្ឋាភិបាល នៅ​យប់​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថា អង្គការ NPA ដែលជា​អង្គការ​ដៃគូ​ជាមួយ​ស៊ីម៉ាក់ បានផ្តល់​ព័ត៌មាន​ថា ស្ថានទូត​អាមេរិក​បានសំរេច​កាត់​ផ្តាច់ ជំនួយ​មនុស្សធម៌​រប​ស់​ខ្លួន មក​ស៊ីម៉ាក់​ចាប់ពី​ដើម ខែមករា ឆ្នាំ​២០១៨​តទៅ ដោយ​គ្មាន​ការបញ្ជាក់​ហេតុផល​អ្វី ច្បាស់លាស់​ឡើយ​។​

​លោក ហេង រតនា បានបង្ហាញ​អារម្មណ៍​របស់ខ្លួន ចំពោះ​ការសម្រេច​របស់​អាមេរិក​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មានការ​សោកស្តាយ និង​ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការបញ្ចប់​ជំនួយ​យ៉ាង តល់​ក្រហល់​នេះ ជាពិសេស​ទន្ទឹម​ពេលដែល​កម្ពុជា កំពុង​រុករក​ឃើញ និង​ទទួលផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​សំណល់​អាវុធ​គីមី​របស់​អាមេរិក​ដែល​រដ្ឋាភិបាល​អាមេរិក ត្រូវ​ទទួលខុសត្រូវ​។ ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រង​ការគំរាមកំហែង​ដោយសារ​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​អាមេរិក មេត្តា​កុំ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ កាត់ផ្តាច់​ជំនួយ​នេះ ព្រោះថា​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​នឹងមិន​ឲ្យ​ការបញ្ចប់​ជំនួយ​អាមេរិក​នេះ ប៉ះពាល់​កិច្ច​ប្រតិ​ប​តិ្ត​ការ​របស់​ស៊ីម៉ាក់ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​»​។​

​ស្រាប់តែ​ពេល​ថ្មីៗ​នេះ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានប្រកាស​សន្យាថា នឹង​ជួយ​ឱ្យអស់​លទ្ធភាព​ដើម្បី​បោសសម្អាត​គ្រាប់មីន និង យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​ឱ្យបាន​ឆាប់រហ័ស និង ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ ធ្វើការ​ពិភាក្សា​លើ​ទិដ្ឋភាព​ជាក់ស្តែង និង ដាក់ជូន​ថ្នាក់ដឹកនាំ​ទាំងពីរ​ពិនិត្យ និង សម្រេច​ឱ្យបាន​មុនពេល​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា នាពេល​ខ្លី​ខាងមុខ​។​

​ការលើកឡើង​របស់លោក លី កឺ​ជាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​មានប្រសាសន៍​បែបនេះ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា​នៅ​ទីក្រុង​ម៉ានីល នៃ​សាធារណរដ្ឋ​ហ្វីលីពីន ហើយ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រលប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅនេះ​។​

​ក្នុងឱកាស​នោះ លោក លី កឺ​ជាង បាន​សម្តែង​សេចក្តី​រីករាយ ដោយបាន​ជួប​សម្តេចនាយក​រដ្ឋមន្ត្រី​សាជាថ្មី​ម្តងទៀត ក្នុងនាម​ជា​មិត្ត​ចាស់​របស់​ចិន ដែល​នេះ​ជាការ​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​កាន់តែ​ល្អប្រសើរ​ជា​លំដាប់​រវាង​ប្រទេស​កម្ពុជា និង ប្រទេស​ចិន និង ជាពិសេស​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន​៕

សុខភាព/បុរស/ស្ត្រី