• Flexa

លោក​ត្រាំ​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ក្រៃលែង ក្រោយ​ការទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​​ជាទី​ក្រុង​របស់​អ៊ីស្រាអែល​

1 សប្ដាហ៍ កន្លងទៅ DNT-NEWS

(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ ការសម្រេចចិត្ត​របស់​លោក​ត្រាំ ក្នុងការ​ទទួលស្គាល់​ទីក្រុង​ហ្សេ​រូ​សា​ឡិ​ម ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល លោក​ត្រាំ​ត្រូវបាន​មតិ​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​ការសម្រេចចិត្ត​បែបនេះ​។ នេះ​បើតាម​សារព័ត៌មាន​ស្ពុ​ត​និក នៅ​ថ្ងៃទី​៧ ធ្នូ ២០១៧​។​

​ការរិះគន់​នេះ រួមមាន​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​មួយចំនួន​ផ្សេងទៀត ក្នុងប្រទេស​លោកខាងលិច​ដូចជា បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​ជាដើម​។ ប៉ុន្តែ​អ្នក​ដែល​ស្តីបន្ទោស​លោក​ត្រាំ​ខ្លាំងជាងគេ​នោះ​គឺ បណ្តា​មេដឹកនាំ​ដែល​កាន់សាសនា​ឥស្លាម​។ មេដឹកនាំ​ទាំងនោះ បានធ្វើការ​ស្តីបន្ទោស​ថា ជា​រឿង​មិន​ត្រឹមត្រូវ​នោះទេ​។​

​ការទទួលស្គាល់​នេះ គឺជា​រឿង​ដ៏​ចម្រូងចម្រាស់​បំផុត ព្រោះ​ទីក្រុង​បុរាណ​មួយ​នេះ គឺជា​ទីក្រុង​ដែល​ប្រទេស​សត្រូវ​សួរ​ពូជ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន បាន​ប្រទាញប្រទង់ និង​អះអាង​រៀងៗ​ខ្លួន​ថា ជា​តំបន់​របស់ខ្លួន បើទោះជា​សព្វថ្ងៃនេះ តំបន់​នេះ​ស្ថិតក្រោម​រដ្ឋអំណាច​អ៊ីស្រាអែល​ក៏ដោយ​។ សូម្បីតែ​សហគមន៍​អន្តរជាតិ ក៏​មិន​ហ៊ាន​ទទួលស្គាល់​នេះ​ផងដែរ​។​

​ទាក់ទិន​នឹង​បញ្ហា​នេះដែរ ស្ថានទូត​របស់​សហរ​ដ្ឋ​អាមេរិក​ប្រចាំ​នៅក្នុង​ប្រទេស​តួ​ក​គី អា​ហ្វ​ហ្កា​នី​ស្ថាន អង់គ្លេស និង​ប្រទេស​ហ្ស័​ដង់ បាន​ព្រមាន​ថា ការតវ៉ា​ទ្រង់ទ្រាយ​ធំ ប្រឆាំង​ទៅនឹង​ការទទួលស្គាល់​នេះ នឹង​កើង​ឡើង​ជាមិនខាន​។ ទន្ទឹមនឹង​នេះដែរ ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ ក៏​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ស្តីអំពី​ការសម្រេចចិត្ត​មិន​សម​ហេតុផល​របស់​អាមេរិក ជា​ប្រទេស​ទីមួយ ដែល​បានទទួល​ស្គាល់​ទីក្រុង​មួយ​នេះ​។ កិច្ចប្រជុំ​នេះ នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ទីក្រុង​ញូយ៉ក នៅ​ព្រឹក​ថ្ងៃ​សុក្រ សប្តាហ៍​នេះ​។​

​សូមបញ្ជាក់ថា កាលពី​ម្សិលមិញ (៦ ធ្នូ​) លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានទទួល​ស្គាល់ ទីក្រុង​យេ​រូ​សា​ឡិ​ម​ថា ជាទី​ក្រុង​របស់​អ៊ីស្រាអែល និង​គ្រោង​ប្តូ​ទី​តាំ​ស្ថានទូត​របស់ខ្លួន ទៅ​ទីក្រុង​នេះ ខណៈដែល​ទីក្រុង​នេះ នៅមាន​ភាពចម្រូងចម្រាស់​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​៕DNT-NEWS

សុខភាព/បុរស/ស្ត្រី