• Flexa

ព័​ត៌មាន​លំអិត​ស្តីអំពី ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ កំពុង​សម្រាក​ព្យាបាល​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

1 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​បាននិងកំពុង​សម្រាក​ព្យាបាល​ព្រះកាយ នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ដោយសារ​សំពាធ​ឈាម​ឡើង​ខ្ពស់ ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល កាលពី​រសៀល​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ខុទ្ទកាល័យ​សម្តេច នរោត្តម សិរិវុឌ្ឍ​ដែល​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​១៤ វិច្ឆិកា​។​

​យ៉ាងណាក៏ដោយ ទីប្រឹក្សា​របស់​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ លោកជំទាវ ម៉ម ដា​ថា​លី​ណែ​ត ថ្លែងប្រាប់ ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៤ វិច្ឆិកា ថា គិត​មកទល់ពេលនេះ ស្ថានភាព​ជំងឺ​របស់​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ មាន​ភាពប្រសើរ​ឡើងជា​បណ្ដើរៗ​ហើយ ក៏ប៉ុន្តែ​ព្រះអង្គ​នៅ​ពុំទាន់​អាច​កម្រើក​ព្រះកាយ​ផ្នែក​ខាងឆ្វេង​បាន​នៅឡើយ​ទេ​។ ទីប្រឹក្សា​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ដដែល​រូបនេះ​បន្តថា បញ្ហា​ជំងឺ​របស់​ព្រះអង្គ​កំពុងស្ថិត​ក្នុងការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ហើយ​ថា ជំងឺ​របស់​ព្រះអង្គ​នឹងមាន​ភាពល្អ​ប្រសើរឡើង​វិញ​នៅពេល​ឆាប់ៗ​ខាងមុខនេះ បើទោះបីជា​លោកជំទាវ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា នៅពេលណា​ឲ្យ​ពិតប្រាកដ​ទើប​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ អាច​យាង​ចេញពី​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះហើយ​អាច​ចូល​បម្រើ​ការងារ​ដូច​ធម្មតា​ឡើងវិញ​នោះ​។​

​ក្រៅពី​តួនាទី​ជា​ឧត្ដមក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បច្ចុប្បន្ន ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ក៏មាន​តួនាទី​ជា​សមាជិក​មួយរូប​ក្នុងចំណោម​សមាជិក ៩​រូប​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។ ព្រះអង្គ​ក៏​ជា​ស្ថាបនិក និង​ជា​ព្រះប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ និង​សន្តិភាព (CICP) ដែលជា​វិទ្យាស្ថាន​ក្រុមប្រឹក្សា​យោបល់ និង​ស្រាវជ្រាវ (Think-Tank) ដ៏​ល្បីឈ្មោះ​របស់​កម្ពុជា​។​

​ក្នុងពេល​អតីតកាល ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ធ្លាប់​បម្រើ​តួនាទី​ជា​សហ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​សហរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​សមាជិក​រដ្ឋសភា​។​

​ព្រះអង្គ​បាន​យាង​ចូល​បម្រើ​ក្នុង​វិស័យ​នយោបាយ​ជា​លើកដំបូង​តាំងពី​ឆ្នាំ​១៩៧១ មកម្ល៉េះ​។ ព្រះអង្គ​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ល្បីឈ្មោះ​មួយ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ គឺជា​ព្រះអនុជ​មាតា​ទីទៃ​របស់​អតីតព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​។ បច្ចុប្បន្ន ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ មាន​ព្រះជន្ម ៦៦​ព្រះវស្សា​៕

សុខភាព/បុរស/ស្ត្រី