• Flexa

ក្រុមមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​សរុប​ចំនួន​១១៧​រូប ប្រឈម​ការផ្អាក​សកម្ម​ភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ លោក សម រង្ស៊ី ជំរុញ​ឲ្យ​រំលាយ​គណបក្សប្រឆាំង​ឲ្យ​បាន​ឆាប់​…..

1 សប្ដាហ៍ កន្លងទៅ រក្សាមុន្នី

​មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បានដាក់​ភស្តុតាង​បន្ថែមទៀត​ទៅ​តុលាការ​កំពូល​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ប្តឹង​ឲ្យ​រំលាយ​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​។ ជាមួយនឹង​ភស្តុតាង​បន្ថែម​នេះ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល ក៏បាន​ស្នើ​ឲ្យ​តុលាការ​ជាន់ខ្ពស់ ផ្អាក​សកម្មភាព​នយោបាយ​របស់​មេដឹកនាំ និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​ចំនួន​១១៧​រូប​ផងដែរ​។​

​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​ទាំង​១១៧​រូប ដែល​ត្រូវបាន​មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល​ស្នើ​ឲ្យ​តុលាការ​កំពូល​ផ្អាក​សកម្មភាព​នយោបាយរ​យៈ​ពេល​៥​ឆ្នាំ​នោះ រួមមាន លោក កឹម សុខា ប្រធាន​គណបក្ស លោក ប៉ុល ហំ​ម លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​បក្ស​។​ក្នុងនោះ​ក៏មានដែរ លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ លោក យឹម សុវណ្ណ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ លោក សុន ឆ័យ រួមទាំង​លោក ម៉ៅ មុនី​វណ្ណ និង​កញ្ញា កឹម មនោ​វិទ្យា ជាដើម​។​ប៉ុន្តែ​មិនមាន​ឈ្មោះ​លោក សម រង្ស៊ី នោះទេ​។​

​លោក គី តិច មេធាវី​តំណាង​ក្រសួងមហាផ្ទៃ ថ្លែងថា "​ក្រុម​មេធាវី ដាក់​ភស្តុតាង​សំខាន់ៗ​ចំនួន​បី​បន្ថែមទៀត​ជូន​តុលាការ​កំពូល ដែល​ក្នុងនោះ​មាន​សេចក្តីថ្លែងការណ៍​របស់​ក្រុម​មេធាវី ភស្តុតាង​ថ្មីៗ​ដែល​បញ្ជាក់​អំពី​អំពើ​បាននិងកំពុង​បន្តធ្វើ​នៃ​ផែនការ​បដិវត្តន៍​ពណ៌ និង ជាពិសេស គឺ បញ្ជី​ឈ្មោះ​ផ្លូវការ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​សុំឱ្យ​តុលាការ​កំពូល​ហាមឃាត់ មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ "​។​

​រហូតមកទល់​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ ពុំបាន​ពឹងពាក់​មេធាវី​ឱ្យ​ការពារ​ក្ដី​នៅ​តុលាការ​កំពូល​ទេ ។ បញ្ហា​នេះ ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ បញ្ជាក់ថា ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ ពុំបាន​ដាក់​មេធាវី ក៏​តុលាការ​កំពូល​អាច​បន្ត​នីតិវិធី​បានដែរ ។​

​ជុំវិញ​បញ្ហា​នេះ​លោក សុន ឆ័យ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​លោក​មិន​អ្វី​ធ្វើ​អត្ថាធិប្បាយ​ច្រើន​នោះទេ ដោយ​គ្រាន់តែ​បារម្ភ​ថា បើ​រំលាយ​គណបក្សប្រឆាំង​មួយ​នេះ​គឺជា​ការបំបាត់​សិទ្ធិ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ក្នុងការ​ជ្រើសរើស​គណបក្ស​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​។​​នៅក្នុង​ពិធី​ជួបជុំ​មួយ​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​ឡុង​ប៊ិច សហរដ្ឋអាមេរិក លោក សម រង្ស៊ី បាន​ជំរុញ​ឲ្យ​រំលាយ​គណបក្សប្រឆាំង​ឲ្យ​បាន​ឆាប់ ដោយ​ថា ពេលនោះ​សម្ពាធ​ទាំងអស់​នឹង​ធ្លាក់​ទៅលើ​រដ្ឋាភិបាល​។​

​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ទៀតថា លោក​នឹងចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ ទោះបីជា​មានការ​រំលាយ ឬ​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងណា​ក៏ដោយចុះ ៕​

សុខភាព/បុរស/ស្ត្រី