• Flexa

ល្បី​ដើម​ដូង​ទេព​ចេះ​ព្យាបាល​ម្ចាស់​ឲ្យ​ជា​ពី​ជំងឺ​ខ្វិន​ក្រោយ​សែន​ក្បាលជ្រូក​លុយកាក់​ឲ្យ​ដើម​ដូង​រួច​

4 សប្ដាហ៍ កន្លងទៅ រក្សាមុន្នី

មនោ​រម្យ​ព័ង​អាំង​ហ្វូ សូម​លើកយក​ដើម​ដូង​ទិព្វ​មួយទៀត ដែល​អ្នកភូមិ​មានជំនឿថា មាន​ម​ហិ​ទ្ធិ​រិ​ទ្ធ​អាច​ព្យាបាល​ជំងឺ យ៉ាង​សាក​សិទ្ធ ហើយពី​ដំបូង​ឡើយ គឺ​វា​បាន​ព្យាបាល​ម្ចាស់​របស់​វា​តែម្ដង​។​

ដើម​ដូង​ដ៏​ចំលែក ទំនងជា​អាច​ផ្ដល់​វេទមន្ដ ដែល​បាន​ព្យាបាល​ជំងឺ​តម្កាត់​ទាំងឡាយ អោយ​ជាសះស្បើយ តែ​គួរអោយ​ស្ដាយ ដូង​ទេព​នេះ មិនបាន​ផ្ដល់​ជា​លេខឆ្នោត ឬ​«​កន្ទុយលេខ​» ដែល​នឹង​អាច​ទាក់ទាញ​ហ្វូងមនុស្ស ដូចជា​គល់ឈើ​មាន​សិល្ប៍ លើក​មុន នោះឡើយ​។​

និយាយ​អោយ​មែនទែនទៅ នៅ​កម្ពុជា បើ​គេ​ចាត់ទុកថា រុក្ខជាតិ​នោះ អាចមាន​សិល្ប៍ ម​ហិ​ទ្ធិ​រិ​ទ្ធ​អ្វីមួយ ទោះជា​រុក្ខជាតិ​នោះ មាន​សភាព​យ៉ាងដូច​ម្ដេចក៏ដោយ ក៏​គេ​នាំគ្នា​ទៅ​គោរពបូជា​ដែរ​។ កាលពី​ខែកក្កដា​កន្លងទៅ​សារព័ត៌​មានបាន​ចុះ ផ្សាយ​ម្ដង​រួចទៅហើយ អំពី​គល់ឈើ​មាន​សិល្ប៍ មួយ​នៅ​ខេត្តពោធិ៍សាត់ ដែល​អាច​បញ្ចេញ​ម​ហិ​ទ្ធិ​រិ​ទ្ធ​បានជា​ច្រើន ដូចជា អាច​ព្យាបាល​ជំងឺ​អោយ​ជាសះស្បើយ អាច​ផ្ដល់​ជា​កន្ទុយលេខ ដើម្បី​យកទៅ​ចាក់​ឆ្នោត​ឡូតូ​បាន​ថែមទៀត​។ ប៉ុន្ដែ​ក្នុង អត្ថបទ​លើក​នេះ​អ្នកភូមិ​មានជំនឿថា​«​ដូង​ទេព​» មាន​ម​ហិ​ទ្ធិ​រិ​ទ្ធ​អាច ព្យាបាល​ជំងឺ យ៉ាង​សាក​សិទ្ធ ហើយពី​ដំបូង​ឡើយ គឺ​វា​បាន​ព្យាបាល​ម្ចាស់​របស់​វា​តែម្ដង​។ ដើម​ដូង​ទេព​នេះ មាន​លក្ខណៈ ជា​កូនដើម​ដូង ដែលមាន​គល់​ចំនួន​១៨ ដុះ​ក្នុង​ទីធ្លា​នៃ​ភូមិ​មួយ ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី ប្រាសាទបន្ទាយឆ្មារ របស់​ខ្មែរ សង់​កាលពី​សតវត្ស ទី​១២ ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នោះទេ​។​

ម្ចាស់​ដី ឈ្មោះ សរ យក់ អាយុ​៧៥​ឆ្នាំ មាន​ជំងឺ​ពិការ​អ​វះ​យ​វះ ដើរ​មិន​រួច តាំងពី​៣​ឆ្នាំ​កន្លងមកហើយ​។ គាត់​អាចធ្វើ​ដំណើរ ទៅណា​មក​ណា​បាន គឺ​ដោយសារតែ មាន​ជំនួយ​ពី​ឈើច្រត់​របស់គាត់ និង​កិល​នៅ​លើដី​តែប៉ុណ្ណោះ​។ គាត់​បាន​ចំណាយ ពេល​១​ថ្ងៃ​ក្នុង​ការរៀបចំ​សែនព្រេន សំពះ​ដើម​ដូង​របសគាត់​ដែល​ដុះ​នៅក្នុង​ទីធ្លា​ផ្ទះ​របស់គាត់ ហើយ​តាំងពី​ពេល​នោះមក គាត់​ចាប់ផ្ដើម​ងើប​ដើរ ដោយ​មិនមាន​ជំនួយ​ពី​ឈើច្រត់​ទៀត​ទេ​។ លោក​បាន​ពន្យល់​ប្រាប់​កាសែត​ក្នុងស្រុក ភ្នំពេញ​ប៉ុ​ស្ត៍ ថា «​មាន​គ្រូទាយ​ចេះតែ​ប្រាប់​ខ្ញុំ​ថា ត្រូវ​សែន​ថ្វាយ​ដើម​ដូង​នេះ នូវ​ចំណីអាហារ ទានធូប និង​ប្រាក់​កាក់ ដើម្បី​ទទួលបាន នូវ ម​ហិ​ទ្ធិ​រិ​ទ្ធ​ក្នុងការ​ព្យាបាល​ជំំ​ងឺ​។​» លោក​បន្ថែមថា «​ឥឡូវនេះ ខ្ញុំ​អាច​ដើរ​បាន និង​ញ៉ាំ​បាន​ច្រើន​។ ឥឡូវនេះ មិន​ដូច​មុន​ទេ គិត​ចាប់តាំងពី​ពេលដែល​ខ្ញុំ​សំពះ​សែន ដើម​ដូង​នេះ​រួចមក​។ »

ដី​ដែលមាន​ដើម​ដូង​ដុះ​ពីលើ​នេះ បានក្លាយ​ជាទី​សក្កា​រះ នៅពេល​មាន​ព្រះសង្ឃ​ជាច្រើន​អង្គ ដែល​គង់នៅ​វត្ត​មួយ​ក្បែរ​នោះ បាន​និមន្ដ​មក​ប្រោះព្រំ​អោយ​ធម៌​។ ទីធ្លា​ដែល​មិនធំ​ប៉ុន្មាន នៅ​ជុំវិញ​កូន​ដូង​នេះ បាន​ពេញប្រៀប ដោយ​ហ្វូងមនុស្ស និង​អ្នកជំងឺ ដែល​ចូលខ្លួន​មក​បន់ស្រន់ និង​រងចាំ ការសំដែង​រិ​ទ្ធ​របស់ «​ដូង​ទេព​»​។​

លោក​មេភូមិ នៅ​ទីនោះ លោក វ៉ាន់ សំ​អូន លោក​មិនបាន​គិតថា វា​ជាការ​បំភ័ន​ភ្នែក​នោះទេ តែ​លោក​ក៏​មិន​ចង់​លើកទឹកចិត្ត អោយ​បណ្ដាជន ត្រូវធ្វើ​ទំនុកចិត្ត ជឿជាក់​ទៅលើ​ដើមឈើ​របៀប​នេះដែរ​។ លោក​បញ្ជាក់ប្រាប់​កាសែត​ដដែល​ថា «​ជា​សិទ្ធិ របស់​ពួកគាត់ ក្នុង​ជំនឿ​ទៅលើ​ព្រលឹង​បែបនេះ​។ ខ្ញុំ​មិនអាច​ហាមឃាត់​ពួកគេ​បានឡើយ​។​»

នៅ​ប្រទេស​ក​ម្ពូ​ជា ជំនឿ​ទៅលើ​អរូបី នៅតែ​ដិតដាម​ជាប់​ជានិច្ច នៅក្នុង​សន្ដាន​ចិត្ត​របស់​ប្រជារាស្ត្រ​ខ្មែរ ជាពិសេស​ទៅលើ វត្ថុ ឬ​សត្វ​អ្វីមួយ ដែលមាន​លក្ខណៈ​ខុសពី​ធម្មជាតិ​។ នៅក្នុង​ករណី​ដើម​ដូង​ទេព​នេះ បណ្ដាជន​ដែល​បានមក​បន់ស្រន់ សុទ្ធសឹង​ជា​បណ្ដាជន ដែលមាន​ជំងឺ​រ៉ាំរ៉ៃ និង​អ្នក​ខ្លះទៀត​មាន​ជីវភាព​ក្រលំបាក មិនអាច​មានលទ្ធភាព អាច​នឹង​មើល ព្យាបាល​ជំងឺ​បាន​។​

គេ​បាន​លើក​ជា​សំនួ​រថា ចុះបើ​ប្រទេស​កម្ពុជា មាន​សេវា​ពេទ្យ​មួយ​ដែល​ល្អ និង​ពូកែ ទទួល​ព្យាបាល ដោយ​មិន​រើសមុខ និង​មិន​រើស​ធនធាន​ទ្រព្យសម្បតិ្ត តើ​បណ្ដាជន​ដែលជា​អ្នកជំងឺ​ទាំងនោះ នៅតែមាន​ជំនឿ​ស៊ប់​ដដែល ទៅ​រូបភាព​អរូបី បែបនេះ ឬ​យ៉ាងណា​?៕monoroom​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី